រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (UNION)

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (UNION)។ កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរមូលដ្ឋានអំពីទីតាំង និងគោលការណ៍នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (UNION)។
ប្រជាពលរដ្ឋដែលត្រូវទទួលបានការដោះស្រាយគោលនយោបាយមានចំនួន ៤ប្រភេទគឺ៖
១/ប្រភេទទី១ ជាប្រជាពលរដ្ឋដែលមានទីលំនៅរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន មានចំនួន ២៤៧គ្រួសារ
២/ប្រភេទទី២ ជាប្រជាពលរដ្ឋខុសភូមិ ខុសឃុំ មានចំនួន ២៥៥គ្រួសារ
៣/ប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម មានចំនួន៨៣១គ្រួសារ
៤/ប្រភេទទី៤ ជាប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច
ក្នុងចំណោមប្រជាពលរដ្ឋទាំង៤ប្រភេទខាងលើនេះ គឺប្រជាពលរដ្ឋប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ នឹងត្រូវទទួលបានការដោះស្រាយគោលនយោបាយក្នុងពេលជាមួយគ្នា ហើយសម្រាប់ប្រជាពលរដ្ឋប្រភេទទី៤ នឹងទទួលបានការដោះស្រាយបន្ទាប់ពីការដោះស្រាយជូនប្រជាពលរដ្ឋទាំង៣ប្រភេទខាងលើរួចរាល់។
ទីតាំងដីសម្រាប់ធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ មានទីតាំងស្ថិតនៅ ចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស)។
តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ឱ្យទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីខាងលើនេះផងដែរ ហើយនឹងត្រូវអនុវត្តតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តទន្ទ្រានកាន់កាប់ និងបន្តការកាន់កាប់ដីក្នុងទីតាំងដី ស្ថិតនៅចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស) ដែលសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា ពាក់ព័ន្ធនឹងទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដែលមានទីតាំងស្ថិតនៅចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស) រដ្ឋបាលខេត្តកោះកុង បានចេញសេក្តីជូនដំណឹងលេខ២៩០/២១ សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដែល៖
-សូមឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ សាងសង់ផ្ទះ ខ្ទម របង ដាំដំណាំដោយអនាធិបតេយ្យ ក្នុងទីតាំងដីស្ថិតនៅចំណុចវាលពួចបាក់មែក (អតីតទីតាំងដីក្រុមហ៊ុនឋានសួគ៌) ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទូមសាគរ ខេត្តកោះកុង សូមរុះរើ និងចាកចេញពីទីតាំងដីនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
-ហើយចំពោះ បុគ្គលទាំងឡាយណា ដែលនៅតែបន្តការទន្ទ្រានកាន់កាប់ដីក្នុងទីតាំងដីស្ថិតនៅចំណុចវាលពួចបាក់មែក (អតីតទីតាំងដីក្រុមហ៊ុនឋានសួគ៌) ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទូមសាគរ ខេត្តកោះកុងទៀត នឹងត្រូវទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង