លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅភូមិសាស្ត្រខេត្តកោះកុង នៅស្រុកបូទុមសាគរ។
លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងអនុសាសន៍ដូចខាងក្រោម៖
១/សូមឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
២/ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នេះ
៣/មន្ទីរសុខាភិបាល ត្រូវសហការជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និង បញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕