យោងស្មារតី នៃកិច្ចប្រជុំ កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការឯកភាពលើការកំណត់និយាមកា និងការឈូសឆាយព្រំប្រទល់គម្រោងភូមិអភិវឌ្ឍន៍ និងតំបន់វិស្សមកាល រវាងរដ្ឋបាលខេត្តកោះកុង និងក្រសួងការពារជាតិ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត សមាសភាពរួមមាន÷ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំជ្រោយប្រស់ អ្នកពាក់ព័ន្ធ និងតំណាងក្រសួងការពារជាតិ បន្តចុះពិនិត្យការឈូសឆាយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងតំបន់វិស្សមកាល នៃក្រសួងការពារជាតិ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
បន្ទាប់កិច្ចប្រជុំ និងការចុះពិនិត្យជាក់ស្តែង ជាលទ្ធផល បានសម្រេចឯកភាព ដូចខាងក្រោម÷
១.ប្រគល់ការងារស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោង ជូនរដ្ឋបាលឃុំជ្រោយប្រស់ ដោយមានការសម្របសម្រួលពីរដ្ឋបាលស្រុក ខេត្ត
២.បើកផ្លូវតវ៉ា និងទទួលពាក្យបណ្តឹងនៅរដ្ឋបាលស្រុកកោះកុង
៣.រៀបចំក្រុមមន្ត្រីបច្ចេកទេសភូមិបាល ដើម្បីសហការតម្លើងគំនូសបង្ហាញទីតាំង និងលើកស្លាកគម្រោងជាសាធារណ:
៤.បិទការធ្វើដំណើរចេញ-ចូល ក្នុងទីតាំងគម្រោងចំពោះអ្នកមិនពាក់ព័ន្ធ
៥.កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង ដាក់គោលដៅត្រួតពិនិត្យ និងរាយការណ៍ជូនរដ្ឋបាលខេត្តជាប្រចាំ៕