លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង តំណាងលោកប្រធានមន្ទីរបានដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ពិសេសមន្ត្រីការិយាល័យវិទ្យុសាគរកោះកុង បានទៅសួសុខទុក្ខលោកស្រី សុខ និមល មន្ត្រីការិយាល័យវិទ្យុ ដែលទើបនឹងសម្រាលកូន ហើយបានសម្រាកលម្ហែរមាតុភាពនៅគេហដ្ឋាន ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកស្រី ឈុន សុជាតា បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីលោកប្រធានមន្ទីរតាមរយ:លោកស្រីផ្ទាល់ ដោយជូនពរឱ្យម្តាយនិងកូនមានសុខភាពល្អ សូមឱ្យទារកទើបនឹងកើតបានចម្រើនលូតលាស់ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត។ ជាមួយគ្នានេះលោកស្រីបានពាំនាំនូវថវិកាចំនួន ៣០០,០០០រៀល របស់មន្ទីរព័ត៌មានខេត្តកោះកុង ជូនដល់លោកស្រី សុខ និមល ផងដែរ៕