រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា ប្រគល់ម៉ាស់ជូនតាមបណ្តាអនុសាខា ក្រុងស្រុកទាំង៧ គណៈកម្មាធិការសាខា មន្ត្រីបុគ្គលិកសាខា មន្ត្រីទំនាក់ទំនងយុវជន និងទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកោះកុង៖
«យើងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»
កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពីវិជ្ជាសង្គ្រោះបឋម និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ក្នុងនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងទទួលបានម៉ាស់ចំនួន៤០កេស ស្មើនឹង២៤,៦០០បន្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឈួន យ៉ាដា ប្រគល់ម៉ាស់ជូនតាមបណ្តាអនុសាខា ក្រុងស្រុកទាំង៧ គណៈកម្មាធិការសាខា មន្ត្រីបុគ្គលិកសាខា មន្ត្រីទំនាក់ទំនងយុវជន និងទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ៕

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ៧ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។
ជាមួយគ្នានេះ លោកនាយកសាខា បានបង្ហាញជូនសាខាទាំងអស់ពីអត្ថន័យខ្លឹមសារនៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលអនុសាខានីមួយៗត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕

អត្ថបទទាក់ទង