លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ អំពីការកំណត់វិធានការ ជាមួយក្រុមហ៊ុនយ៉ាហ្សាគី (YAZAKI) ក្នុងការជ្រើសរើសកម្មករ កម្មការនី មកពីក្រៅខេត្តកោះកុង និងចុះពិនិត្យទីតាំងសម្រាប់ការធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុនយ៉ាហ្សាគី។
កិច្ចប្រជុំមានការចូលរួមមាន លោកអភិបាលស្រុកមណ្ឌលសីមា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារឆ្លើយតបបន្ទាន់ ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និង បុគ្គលិកតំណាងក្រុមហ៊ុនយ៉ាហ្សាគី។
លោកអភិបាលរង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមហ៊ុនត្រូវតែបន្តអនុវត្តន៏នៅវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានកំណត់ទាក់ទង និងវិធានការ ៣ការពារ ៣ កុំ ក្នុងការទប់ស្កាត់ និងការពារនៅជំងឺកូវីដ- ១៩ ដូចខាងក្រោមៈ
១.កម្មករ កម្មការនី ដែលបានជ្រើសរើសមកពីបណ្តា រាជធានីខេត្ត ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គ្រប់គ្នាជាកំហិត។
២.កម្មករ កម្មការនី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ យ៉ាងតិច ២ដូស ព្រមទាំងមានលិខិត ឬកាតបញ្ជាក់ត្រឹមត្រូវ។
៣. សម្រាប់មធ្យោបាយធ្វើដំណើរ ក្រុមហ៊ុន យ៉ាហ្សាគី ខេមបូឌា និងជួលរថយន្តក្រុងមួយសំរាប់ធ្វើការដឹកជញ្ជូន កម្មករ កម្មការិនី ដែលបានទទួលមកពីបណ្ដាខេត្ត ដើម្បីជៀសវាងនៅការរួមដំណើរ ដែលអាចប៉ះពាល់ជាមួយសាធារណៈជនដទៃទៀត
៤.កំណត់ឲ្យ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ចំពោះបុគ្គលិក ដែលបានជ្រើសរើសថ្មីទាំងអស់។
៥ បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កម្មករ កម្មការិនី ត្រូវទទួលការធ្វើតេស្តរហ័ស ជាលើកទី២ មុននិងអនុញ្ញាតឱ្យចូលបំរើការងារ នៅខាងក្នុងរោងចក្រ យ៉ាហ្សាគី ខេមបូឌា
៦.ក្រុមហ៊ុន ត្រូវរៀចំ នូវសម្ភារការពារ ដូចជាម៉ាស់ របាំងមុខ និងដបទឹកអាល់កុល ឱ្យកម្មករ កម្មការី គ្រប់រូប ព្រមទាំងកំណត់អោយ ពាក់ម៉ាស់ និង របាំងមុខគ្រប់ពេលវេលា។ ក្រុមហ៊ុនត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយអោយកម្មករ កម្មការិនី ឱ្យបានយល់ដឹងពី វិធានការ ៣ការពារ ៣កុំ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់គ្រប់គ្នាៗ។
៧ សំណូមពរ ដល់ក្រុមហ៊ុន មុននឹងជ្រើសរើសកម្មករ កម្មការនី មកពីបណ្តាខេត្តថ្មីចូលមក គឺត្រូវតែមានការឯកភាពជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ជាមុនសិន ដើម្បីមានផែនការក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩៕