ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាឃុំ ដើម្បីពិភាក្សាពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការត្រៀមរៀបចំបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលសិក្សាឡើងវិញ នៅសាលប្រជុំសាលាស្រុកកោះកុង។
ជាមួយគ្នានេះផងដែរ លោក អភិបាលរង ក៏បានផ្តាំផ្ញើដល់រដ្ឋបាលឃុំទាំង៤ និងការិយាល័យអប់រំយុវជន និងកីឡាស្រុក សូមពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថា តើនៅតាមឃុំទាំង៤ អាចបើកដំណើរការរៀនវិញនៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍។
សមាសភាពចូលរួមមានការិយាល័យអប់រំយុវជន និងកីឡាស្រុកកោះកុង និងលោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង តំណាងមណ្ឌលសុខភាព និងប៉ុស្ត៍សុខភាពទាំង៤ឃុំ។