រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង៖
(យុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា)

នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ពិសេសតំបន់ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងអាជ្ញាធរឃុំប៉ាក់ខ្លង បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប ១០នាក់ ស្រី ០៤នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅភូមិគោលដៅក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

កម្មវិធីនេះបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ របស់កាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ បិទ ខិត្តិប័ណ្ណផ្សព្វផ្សាយ និងចាក់សារសំឡេង អប់រំពីស្ថានភាពថ្មីៗនៃជំងឺ កូវីដ-១៩ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ក្នុងគោលបំណងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ សុខភាពផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ របស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា្រ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អត្ថបទទាក់ទង