លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកស្រែអំបិល។
លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ដោយសារស្រុកស្រែអំបិល អាចមានពលករមកពីប្រទេសថៃតាមរយៈផ្លូវទឹកតាមទូកនេសាទ ដោយឡែកតាមផ្លូវគោកមានត្រូវឆ្លងការត្រួតពិនិត្យតាមច្រកនានា។ មួយទៀតការត្រូវទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។ សុំអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ថាតើពួកគាត់មានមូលហេតុអ្វីដែលមិនបានមកចាក់វ៉ាក់សាំង ជាមួយគ្នានេះផងដែរអាជ្ញាធរស្រុក ឃុំ ត្រូវតែបន្តផ្សព្វផ្សាយឱ្យពួកគាត់ឱ្យមកចាក់វ៉ាក់សាំង ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕