ស្រុកកោះកុង ៖ នៅរសៀលថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាននូវការផ្តល់ព័ត៌មានជូនសាធារណៈជនឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំងរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុងផងដែរ។
ស្របពេលជាមួយគ្នានោះផងដែរ ក៏មាននូវវគ្គតម្រង់ទិសខ្លីមួយដែលធ្វើបទបង្ហាញដោយលោក អ៊ឹង បឺត អនុប្រធានក្រុមការងារ ធ្វើការបង្ហាញពីរបៀបសរសេរព័ត៌មាននៅលើគេហទំព័ររដ្ឋបាលស្រុកកោះកុង(Facebook page) និងគេហទំព័ររដ្ឋបាលខេត្តកោះកុង (Website) ជូនដល់សមាជិកក្រុមការងារព័ត៌មានវិទ្យាថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការប្រមូលព័ត៌មានរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលឃុំទាំង៤ ដើម្បីរៀបចំចងក្រងជាខ្លឹមសារ និងធ្វើការបង្ហោះផ្សព្វផ្សាយជាសាធារណៈ។
សមាសភាពចូលរួមមាន លោកអនុប្រធាន និងសមាជិកក្រុមការងារព័ត៌មានវិទ្យា។