លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ប្រជុំ និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ ស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដូចខាងក្រោម ÷
១.សំណើរបស់ឈ្មោះ លីម ហាំងឃុង ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៥០.៩៨ហិកតា ស្ថិតនៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសារ
២.សំណើរបស់ឈ្មោះ ទូច សាធៀង ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៨ហិកតា (២ទីតាំង) ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព ករណីសំណើឈ្មោះ លីម ហាំងឃុង និងឈ្មោះ ទូច សាធៀង សាមីកម្មសិទ្ធិករទាំងពីរ ត្រូវសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកបូទុមសាគរ ដើម្បីកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និងការវាស់វែងត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕