ស្រុកកោះកុង ៖ ថ្ងៃអាទិត្យ ៨ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដូសទី១ ដល់កុមារា កុមារីដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ សម្រាប់កុមារា កុមារីដែលរស់នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោក អភិបាល ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ មន្ទីរសុខាភិបាលខេត្តកោះកុង ក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងក្រុមការងារចាក់វ៉ាក់សាំង ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងឃុំត្រពាំងរូង ដែលបាននាំយកកូនក្មួយ មកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ។