លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹង ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៃដីស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ បន្ថែមពីលើនេះទៀត ចំពោះទីតាំងដីដែលមានទំហំចាប់ពី ៣ហិកតាឡើងទៅ មុននឹងក្រុមការងារចុចនិយាមកាដីជូនប្រជាពលរដ្ឋ ក្រុមការងារត្រូវស្នើសុំមកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តជាមុនសិន។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានសំណូមពរ សូមឱ្យប្រជាពលរដ្ឋម្ចាស់ដីសំដែងនូវភាពស្មោះត្រង់ ចូលរួមសហការជាមួយក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយត្រូវចង្អុលបង្ហាញព្រំដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មិនត្រូវ ចង្អុលបង្ហាញព្រំដីលើសពីការកាន់កាប់ស្របច្បាប់ របស់ខ្លួនឡើយ៕