រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ។

លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ដែលទើបតែទទួលបានការតែងតាំងថ្មី។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងក្រុង ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖
ទីមួយ. ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គមស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ទីពីរ : ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម។
ទីបី-ការដោះស្រាយបញ្ហាទំនាស់ដីធ្លី
បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួលដោះស្រាយប្រកបដោយភាពអត់ធ្មត់ និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ។
ទីបួន. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ឲ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពីការដឹកនាំ។
ទីប្រាំ. អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលក្រុង ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមយកឱកាសនេះ ស្នើដល់ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកចៅសង្កាត់ ត្រូវយកចិត្តទុកចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង