រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំនេះ​មមានការចូលរួមពីអភិបាលស្រុកថ្មបាំង បញ្ជាការកងរាជអាវុធហត្ថស្រុក នគរបាលស្រុក ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យាននុរក្ស នាយកទីចាត់ការអន្តរវិស័យ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។
ជាលទ្ធផល ការបោះបង្គោលព្រំដីរដ្ឋ (ដីតំបន់ការពារធម្មជាតិ និងដីឯកជនរបស់រដ្ឋក្នុងស្រុកថ្មបាំង) នៅស្រុកថ្មបាំង ត្រូវបានចាប់ផ្តើមបោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១មក ដោយចាប់ផ្តើមបោះបង្គោលនៅឃុំតាទៃលើ។ ចំណុចនិយាមកាដែលត្រូវបោះបង្គោលព្រំដីរដ្ឋក្នុងឃុំតាទៃលើ មានចំនួន៣០៨ចំណុច (៣០៨បង្គោល) ហើយគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គឺបោះបង្គោលបានចំនួន ១៦០បង្គោល។
ក្នុងការចុះអនុវត្តបោះបង្គោលព្រំដីរដ្ឋ នៅឃុំតាទៃលើ ស្រុកថ្មបាំងនេះ មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា មានភ្លៀងធ្លាក់ខ្លាំង ផ្លូវពិបាកធ្វើដំណើរ សត្វទៀក ពស់…ដែលជាហេតុបង្ករការលំបាក ដល់ក្រុមការងារក្នុងការចុះរកទីតាំងចំណុចនិយាមកា និងការចុះបោះបង្គោល។
ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋនៅស្រុកថ្មបាំង ខេត្តកោះកុងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម៖
១-មេភូមិ មេឃុំ រដ្ឋបាលស្រុក ក្រុមការងារមន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងបោះបង្គោលតាមចំណុចនិយាមកាដែលបានកំណត់ មិនអាចបោះបង្គោលខុសពីទីតាំងកំណត់តាមការស្នើសុំរបស់ប្រជាពលរដ្ឋឡើយ
២-មេភូមិ មេឃុំ មិនត្រូវចុះហត្ថលេខាបញ្ជាក់​លើលិខិតទីតាំងដីធ្លី ស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ដី ជាអាទិ៍ នៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ទេ ប្រសិនបើមេភូមិ មេឃុំ ណានៅបញ្ជាក់លើលិខិតដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង
៣-សូមឱ្យមេភូមិ មេឃុំ ធ្វើការផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដីរដ្ឋនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ
៤-ចំពោះការស្នើសុំចុះបញ្ជីដីរបស់បងប្អូនប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈឃុំ ស្រុក ហើយរដ្ឋបាលស្រុកធ្វើសំណើមករដ្ឋបាលខេត្ត ដើម្បីក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យទីតាំងដីជាក់ស្តែង។
៥-សូមអរគុណដល់ក្រុមការងារបោះបង្គោលព្រំដីរដ្ឋស្រុកថ្មបាំង​ និងសូមបន្តការខិតខំប្រឹងប្រែងក្នុងការបោះបង្គោលព្រំដីរដ្ឋតាមនិយាមកាដែលបានកំណត់បន្តទៀត
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាក្នុងសាលប្រជុំសាលាស្រុកថ្មបាំងរួច លោក សុខ សុទ្ធី ក៏បានចុះពិនិត្យទីតាំងបង្គោលព្រំដីរដ្ឋមួយចំនួនផងដែរ។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទទាក់ទង