រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងករណី លោក ម៉ី ចិត្រ តំណាងប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី ស្ថិតនៅស្រុកកោះកុង និងស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើរបស់លោក ម៉ី ចិត្រ ជាតំណាងប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដីនិងចេញវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៃដីស្ថិតនៅស្រុកកោះកុង និងស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលរងស្រុកបូទុមសាគរ អភិបាលរងស្រុកកោះកុង អភិបាលរងស្រុកមណ្ឌលសីមា មេឃុំពាមក្រសោប មេឃុំត្រពាំងរូង មេឃុំតាតៃក្រោម មេឃុំជ្រោយប្រស់ មេឃុំតានូន មេឃុំកណ្តោល លោក ម៉ី ចិត្រ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំ លោក ម៉ី ចិត្រ បានអះអាងថា គាត់ពិតជាតំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ស្នើសុំចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបដីទំហំ ២៩៣១,២២ស្ថិតនៅឃុំជ្រោយប្រស់ ឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំតានូន ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងជាតំណាងប្រជាពលរដ្ឋចំនួន ៦៧៤គ្រួសារ មកពីភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ភូមិកោះអណ្តែង ឃុំតាតៃក្រោម នៃស្រុកកោះកុង ភូមិព្រលាន ភូមិធ្នង់ ឃុំកណ្តោល ភូមិទួលពោធិ៍ ភូមិបាក់រនាស់ ឃុំតានូន និងភូមិជីត្រេះ ឃុំអណ្តូងទឹកនៃស្រុកបូទុមសាគរ ខេត្តកោះកុង ស្នើសុំចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបដីទំហំ ៦៣០២ហិកតា។
ប៉ុន្តែ ជាមួយគ្នានេះបន្ទាប់ពី លោក សុខ សុទ្ធី សួរបញ្ជាក់ទៅមេឃុំ និងអភិបាលរងស្រុកដែលជាអាជ្ញាធរដែនដីដែលចូលរួមកិច្ចប្រជុំនេះ ថាតើធ្លាប់ស្គាល់បុគ្គលឈ្មោះ ម៉ី ចិត្រ និងដឹងថាឈ្មោះ ម៉ី ចិត្រ ជាតំណាងប្រជាពលរដ្ឋក្នុងឃុំ ស្រុក របស់ខ្លួនឬទេ? មេឃុំ និងអភិបាលរងស្រុក បានឆ្លើយថា មិនដែលបានស្គាល់បុគ្គលឈ្មោះ ម៉ី ចិត្រ នេះទេ ហើយក៏មិបានដឹងអំពីលោក ម៉ី ចិត្រ ថាជាតំណាងប្រជាពលរដ្ឋដែរ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

  • អាជ្ញាធរមិនបានស្គាល់បុគ្គលឈ្មោះ ម៉ី ចិត្រ ទេ ហើយក៏មិនបានដឹងថាឈ្មោះ ម៉ី ចិត្រ ជាតំណាងប្រជាពលរដ្ឋដែរ
  • នីតិវិធីនៃការស្នើសុំចុះបញ្ជីដីដែលកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវចម្រុះ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ គឺមានក្រុមការងារ មានគណៈកម្មការច្បាស់លាស់ក្នុងការបំពេញសេវាជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំចុះបញ្ជីដីតាមរយៈឃុំ ស្រុក ហើយរដ្ឋបាលស្រុកបញ្ជូនសំណើមករដ្ឋបាលខេត្ត ដើម្បីស្នើសុំក្រុមការងារចុះពិនិត្យជាក់ស្តែង។
  • មេឃុំតាតៃក្រោម ត្រូវស្វែងរកប្រជាពលរដ្ឋទាំង៦៤នាក់ តាមអត្តសញ្ញាណបណ្ណដែលឈ្មោះ ម៉ី ចិត្រ បានភ្ជាប់មកជាមួយ
  • រដ្ឋបាលខេត្តនឹងបញ្ជូនករណីនេះទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុងដើម្បីស៊ើបអង្កេតបន្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង