លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋមួយកន្លែង មានទីតាំងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើងរវាងលោកស្រី ឆាយ មន ជាមួយលោកស្រី សួន តា ដែលបានអះអាងរៀងៗខ្លួនថា ទីតាំងដីមានទំនាស់នោះជាកម្មសិទ្ធិរបស់ខ្លួន។
បន្ទាប់ពីការបង្ហាញសាវតានៃការកាន់កាប់ដី ការពិភាក្សាក្នុងអង្គប្រជុំរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីមានទំនាស់នោះផងដែរ។
ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីមានទំនាស់ជាក់ស្តែងរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំនឹងរៀបចំរបាយការណ៍ដើម្បីគោរពជូនថ្នាក់ដឹកនាំខេត្តពិនិត្យ និងស្នើសុំអនុសាសន៍ដឹកនាំបន្តចំពោះករណីទំនាស់ដីធ្លីខាងលើនេះ។
កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីមានទំនាស់នេះ មានសមាសភាពចូលរួមពី លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងស្រុកមណ្ឌលសីមា តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង ភាគីទំនាស់ទាំងសងខាង និងអ្នកពាក់ព័ន្ធ៕