ឯកឧត្តម ដុំ យុហៀន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង អមដំណើរដោយ ឯកឧត្តម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក ចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារឃុំព្រែកខ្សាច់ ព្រមទាំងពិនិត្យមើលការអភិវឌ្ឍន៍នៅមូលដ្ឋានឃុំព្រែកខ្សាច់ នាឱកាសនោះឯកឧត្តម តំណាងរាស្ត្រ បានលើកសរសើរពីការអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយបញ្ហាប្រឈមនានា និងការផ្តល់នូវសេវាសាធារណៈ សេវារដ្ឋបាល របស់រដ្ឋបាលឃុំ បានកាន់តែល្អប្រសើរ ដែលការអភិវឌ្ឍន៏នេះ ស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាព។
ឯកឧត្តម អ្នកតំណាងរាស្ត្រ បានពាំនាំជូនអង្គប្រជុំ អំពីសភាពការណ៍រួមរបស់ប្រទេសជាតិ និងបានបំផុសស្មារតី ដល់មន្ត្រីមូលដ្ឋានអោយសាមគ្គីចូលរួម ប្រយុទ្ធការពារនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ពិសេសការចេញចូលដោយខុសច្បាប់របស់អ្នកដំណើរមកពីប្រទេសជិតខាង យកស្មារតីទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បានឧបត្ថម្ភនូវម៉ាស់ និងជែលលាងសំអាតដៃមួយចំនួនជូនដល់ឃុំ និងអ្នកចូលរួមទទួលបាននូវក្រមា១ និងថវិកាចំនួន ២ម៉ឺនរៀលផង។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល ឯកឧត្តម អ្នកតំណាងរាស្ត្រ បានអញ្ជើញសួរសុខទុក្ខ លោក ឡុញ ឃន អតីតប្រធានក្រុមប្រឹក្សាឃុំ ព្រែកខ្សាច់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និងបានជូនជាថវិកាចំនួន ២០០,០០០រៀលផងដែរ។