/ / /

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត​ ដោយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បាន​ទទួល​ចំនួន​ ៣​ គ្រឿង​

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ​ ដោយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បាន​ទទួល​ចំនួន​ ៣​ គ្រឿង​ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោមថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន៥០គ្រឿង ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។

ឯកឧត្តមបន្តថាក្នុងនោះ ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកថាកន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។

សម្ដេចបន្តថាកន្លងមកថវិកាសន្សំនេះ ក្រសួងបានប្រើប្រាស់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យសាលានគរបាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះបណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការបញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថានៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។

សម្ដេចក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។

សម្ដេចក្រឡាហោម ក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញ។

សម្ដេចបានមានប្រសាសន៍ថាពេលនេះ ក្រសួងក៏កំពុងខិតខំពង្រឹងកម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមានភាពរឹងមាំ និងគុណភាព រួមទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបំពាក់បរិក្ខា ការដាក់វិន័យ និងលើកទឹកចិត្ត ត្បិតពួកគាត់គឺជាអ្នកក្ដាប់សភាពការណ៍សន្តិសុខ និងនៅកៀកប្រជាពលរដ្ឋក្នុងនាមជាអ្នកបំរើសេវាសាធារណៈមួយរបស់រដ្ឋ។

សម្ដេចបានបន្ថែមថា នៅតាមមូលដ្ឋានមានតួអង្គ៤ដែលថ្នាក់ដឹកនាំ ក្នុងនោះក៏មានក្រុមការងាររាជរដ្ឋាភិបាល ត្រូវគិតគូពីការលើកទឹកចិត្ត និងពង្រឹងកិច្ចការបំរើសេវាសាធារណៈរួមមានៈ ១-មេឃុំចៅសង្កាត់, ២-ស្មៀនឃុំសង្កាត់, ៣-មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និង៤-មេភូមិ ដោយគួរផ្ដោតលើការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលទើបបានកែសម្រួល។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំឱ្យកម្លាំងនគរបាលគ្រប់អធិការដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង