លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត សហការជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរស្រុកស្រែអំបិល និងឃុំបឹងព្រាវ ចុះសិក្សាទីតាំងដីជាក់ស្តែង លើសំណើសុំជួលរបស់ឈ្មោះ ប៊ុន ធី លើដីរដ្ឋជាប់មាត់ព្រែកទំហំ ៧៧២១ ម៉ែត្រការ៉េ រយៈពេល ៥០ឆ្នាំ ស្ថិតក្នុងភូមិសាស្រ្តភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ជាកំពង់ផែខ្នាតតូច។ តាមរយៈការពិនិត្យទីតាំងដីជាក់ស្តែង គឺទីតាំងដីជាប់មាត់ព្រែកនេះ នៅក្បែរចំការប្រជាជន ជាប់វាលស្រែចាស់ដែលបានបោះបង់ចោលដោយសារលិចទឹកប្រៃ និងមានតែព្រៃឈើតូចៗ។ ក្រោយពីចុះមើលជាក់ស្តែង ក្រុមការងារបានជួបប្រជុំ នៅសាលាឃុំបឹងព្រាវ ដោយស្ថាប័នពាក់ព័ន្ធបានគាំទ្រទៅលើការអនុវត្តគម្រោងមួយនេះ ក្នុងនោះ៖ រដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រឲ្យមានកំពង់ផែខ្នាតតូចនៅតំបន់នេះ ដើម្បីជួយបង្កើនទំហំសេដ្ឋកិច្ច ទន្ទឹមនេះ ក៏សូមស្នើសុំនូវចំណុចមួយចំនួន៖
១-សិក្សាផលប៉ះពាល់របស់ ជាមួយប្រជាពលរដ្ឋ ករណីបើមាន
២-ស្នើសុំឲ្យម្ចាស់សំណើសិក្សាឲ្យបានច្បាស់លាស់ អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវ និងស្នើសុំបច្ចេកទេសសាងសង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន
៣-បញ្ចៀសផលប៉ះពាល់ការដឹកជញ្ជូនផ្លូវទឹក និងផលប៉ះពាល់ជីវចម្រុះទាំងលើគោក និងក្នុងទឹក
៤-ពេលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្រុមហ៊ុនដំណើរការបានលឿននឹងបញ្ចៀសផលប៉ះពាល់ ឬគ្មានតែម្តង៕













