សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រីប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០២នាក់ រស់នៅសង្កាត់ស្មាច់មានជ័យ០១នាក់ និងសង្កាត់ស្ទឹងវែង ០១នាក់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសាររស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយកសាខា និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហូបថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស សាប៊ូម្សៅ១កញ្ចប់ សាប៊ូដុំ២ដុំ អាវយឺត២ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។