សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាមនុស្សធម៌ ប្រគល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ សរុប១០គ្រួសារ រស់នៅ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះលោកស្រី គង់ វាសនា អនុប្រធានអនុសាខាស្រុក និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារងាយរងគ្រោះដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្រុមការងារក៏បានបន្តថា សូម ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលអនុសាខាបានផ្ដល់ជូន រួមមាន ៖ អង្ករ២០គ.ក គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ០២យួរ និងថវិកាមួយចំនួន ផងដែរ ។





