លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងប្រធានមណ្ឌលសុខភាពទាំង៨ ចំណុះឱ្យស្រុកប្រតិបត្តិស្មាច់មានជ័យ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពការងារសុខាភិបាលដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងកិច្ចប្រជុំ បានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារបច្ចេកទេសសុខាភិបាលសំខាន់ៗ រួមមាន ការផ្តល់ថ្នាំបង្ការ ការពិនិត្យ និងថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ការអប់រំ និងផ្សព្វផ្សាយសុខភាព ការចុះអនុវត្តការងារនៅតាមសហគមន៍ និងមូលដ្ឋាន ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺ ព្រមទាំងសកម្មភាពសុខាភិបាលផ្សេងៗ ដែលបានអនុវត្តតាមមណ្ឌលសុខភាពកន្លងមក។ជាមួយគ្នានេះ អង្គប្រជុំលើកឡើងពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
September 11, 2026










