លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកឡើងវិញបន្តិច ផ្អែកលើច្បាប់ ស្តីពី«យុត្តិធម៌អនីតិជន» ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិ ច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» ដែល ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងការ គាំទ្រ ពី អង្គការយូនីសេហ្វ បានសហគ្នាដើម្បីរៀបចំ និងបានប្រកាសជាផ្លូវការកាលពីឆ្នាំ ២០១៧កន្លងមក។ ការរៀបចំនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យជីវិតរបស់អនីតិជន ទំនាស់នឹងច្បាប់មានភាពល្អប្រសើរឡើង ដោយផ្តោតលើគោលដៅពីររួមមាន៖ ទី១៖ ដើម្បីកសាងប្រព័ន្ធយុត្តិធម៌អនីតិជនទំនើបមួយប្រកបដោយចីរភាព និងមានការកែលម្អជាបន្ត បន្ទាប់នាពេលអនាគត និងទី២៖ ដើម្បីផ្តល់កិច្ចការពារ និងគាំទ្រសិទ្ធិរបស់អនីតិជន ទំនាស់នឹងច្បាប់ ប្រកបដោយប្រសិទ្ធភាព សំដៅឲ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរ ចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅកាន់ យន្តការកុមារមេត្រី ដូចជាកម្មវិធីបង្វែរជាដើម។
ក្នុងន័យនេះ ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់ មិនមែនមានន័យត្រឹមតែ ការនាំអនីតិជនត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលត្រូវ មានការចូលរួមពីគ្រួសារ សាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នយុត្តិធម៌ ស្ថាប័ន សង្គមកិច្ច អង្គការពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីជួយអនីតិជនឱ្យមានការផ្លាស់ប្តូរឥរិយាបថ កែលម្អជំនាញជីវិត បន្តការសិក្សា ឬបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានសមត្ថភាពចូលរួមក្នុង សង្គមដោយស្របច្បាប់ ហើយ ការងារពាក់ព័ន្ធនឹងអនីតិជនទំនាស់នឹងច្បាប់ គឺជាការងារ ដែលទាមទារឱ្យយើងមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ គោលការណ៍សិទ្ធិកុមារ ការ ការពារអនីតិជន ការអប់រំកែប្រែ និងវិធីសាស្ត្រសមាហរណកម្មដែលមានប្រសិទ្ធភាព ហើយជាពិសេស ត្រូវចៀសវាងការរើសអើង ការប្រមាថ ការវាយតម្លៃអវិជ្ជមាន ព្រោះការប្រមាថ ការវាយតម្លៃអវិជ្ជមាន ការរើសអើង អាចធ្វើឱ្យអនីតិជនមានអារម្មណ៍ថាខ្លួនត្រូវបានបដិសេធ ដោយសង្គម បាត់បង់ទំនុកចិត្តលើខ្លួនឯង និងកាន់តែពិបាកក្នុងការវិលត្រឡប់ទៅរកជីវិត ធម្មតាវិញ ដូច្នេះ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដល់អនីតិជន ដើម្បីអាចទទួលបាន ឱកាសទីពីរ ក្នុងការរៀនសូត្រ កែលម្អខ្លួន បង្កើតជំនាញវិជ្ជាជីវៈ និងកសាងអនាគតថ្មី ប្រកបដោយក្តីសង្ឃឹម។ នៅចំណុចនេះ យើងគួរចងចាំថា ការជួយអនីតិជនម្នាក់ឱ្យកែប្រែខ្លួន និងវិលត្រឡប់ទៅរកជីវិតធម្មតាវិញ គឺ មិនមែនជាការជួយបុគ្គលម្នាក់តែប៉ុណ្ណោះទេ ប៉ុន្តែជា ការរួមចំណែកការពារគ្រួសារ កាត់បន្ថយហានិភ័យនៃការប្រព្រឹត្តអំពើខុសច្បាប់ឡើងវិញ និងកសាងធនធានមនុស្សសម្រាប់សង្គមជាតិ។
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦


















