លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ/នាយរងការិយាល័យ លោកមេបញ្ជាការវរៈព្រំដែនគោកលេខ៨២៧ លោកអធិការ/អធិការរងទទួលការងារព្រហ្មទណ្ឌ និងអធិការរងទទួលការងារប្រឆាំងគ្រឿងញៀន និងអធិការរងទទួលការងារចរាចរណ៍ក្រុង-ស្រុក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការស្តីទី ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលជំនាញទាំងអស់ត្រូវខិតខំ ធ្វើការដោះស្រាយអោយអស់ពីសមត្ថភាព ទាំងកម្លាំងកាយចិត្តធ្វើយ៉ាងណាត្រូវបំពេញ តួនាទីភារកិច្ចការងារឱ្យបានល្អ ដែលថ្នាក់ដឹកនាំអង្គភាពប្រគល់ជូន ជាពិសេសត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងអភិវឌ្ឍន៍ នូវចំណេះដឹង ជំនាញនីមួយៗ របស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ឱ្យស្របទៅតាមសម័យកាលជឿនលឿនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេះប្រើប្រាស់ធ្វើតាមប្រព័ន្ធកុំព្យូទ័រឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កភាពងាយស្រួល ក្នុងការអនុវត្តតួនាទីភារកិច្ចការងារឱ្យបានល្អប្រសើរ៕
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦





















































