លោក សំ ធឿន អនុប្រធានមន្ទីរ តំណាងប្រធានមន្ទីរធម្មការ និងសាសនាខេត្តោះកុង បានសហការជាមួយសាលាគណនៃគណៈមហានិកាយខេត្តកោះកុង ដឹកនាំដោយព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកោះកុង អមដំណើរដោយព្រះព្រហ្មសីល ហួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកស្រែអំបិល បានចុះពិនិត្យសាលាពុទ្ធិបឋមសិក្សាជលធីគិរីវ័ន ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល និងបានផ្តល់ឱវាទដល់សមណៈសិស្ស លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពក្រេបយកចំណេះដឹងពីវិស័យពុទ្ធិកសិក្សាមួយនេះឱ្យដើម្បីអភិវឌ្ឍខ្លួននិងក្លាយជាបញ្ញវន្តសង្ឃក្នុងថ្ងៃអនាគត ព្រះអង្គគ្រូព្រះមេគណ លោកអនុប្រធានមន្ទីរ និងព្រះគ្រូអនុគណបានកោតសសើរដល់ព្រះគ្រូបញ្ញាទិព្វញោណោ គឹម ចាក ព្រះនាយកសព្វថ្ងៃគង់នៅសហរដ្ឋអាមេរិក ព្រះគ្រូធម្មវិសុទ្ធិញាណ ចាន់ រតនា ព្រះនាយករង និងព្រះគ្រូចន្ទសុវណ្ណោ ជុំ ជឿន ព្រះគ្រូចៅអធិការស្តីទីទទួលបន្ទុករួមដែលបានខិតខំខ្នះខ្នែងជ្រោមជ្រែងសាលាពុទ្ធិកនេះឱ្យមានដំណើរការរលូនរហូតមកទល់ពេលនេះ និងទទួលបាននូវលទ្ធផលគួរកត់សម្គាល់ ដែលបានផលិតបញ្ញវន្តសង្ឃជាច្រើនអង្គដូចព្រះចៅអធិការស្តីទីអង្គនេះជាដើម ព្រះអង្គគ្រូ ក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តនិងព្រះគ្រូអនុគណស្រុក លោកអនុប្រធានមន្ទីរ បានលើកទឹកចិត្តសូមឱ្យបន្តការអភិវឌ្ឍបែបនេះតទៅទៀត ដើម្បីបណ្តុះធនធានព្រះសង្ឃក្នុងខេត្តរបស់យើង។
ក្រោយចប់កិច្ចពិនិត្យសាលាពុទ្ធិកព្រះគ្រូចៅអធិការស្តីទីបាននិមន្តព្រះមេគណ និងព្រះអនុគណ លោកអនុប្រធានមន្ទីរ អជ្ញាធរ អាចារ្យ និងគណៈកម្មការវត្តពិនិត្យមើលទីតាំងសម្រាប់កសាងកុដិថ្មី និងពិនិត្យប្លង់វត្តដោយធៀបទៅនឹងដីជាក់ស្តែង។