/ / /

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងការបម្រើសេវាសុខភាពនៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានសុខាភិបាល ស្រុកប្រតិបត្តិស្មាច់មានជ័យ

លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ក្នុងមូលដ្ឋានសុខាភិបាលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។

ការចុះត្រួតពិនិត្យនេះមានគោលបំណងតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការពង្រឹង និងការបម្រើសេវាសុខភាពបឋមនៅតាមមណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាពព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីផ្តល់អនុសាសន៍សម្រាប់កែលម្អការងារជាបន្តបន្ទាប់។ ការវាយតម្លៃបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទូទៅ ការគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ស្ថានភាពធនធានមនុស្ស គុណភាពនៃការបម្រើសេវា ក្រមសីលធម៌ និងយន្តការអភិបាលកិច្ចនៅមូលដ្ឋាន ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ ការផ្តល់សេវាសុខាភិបាលល្អ មិនអាស្រ័យតែលើសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាសមរម្យ ការទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដើម្បីបង្កើនការពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាសុខាភិបាលសាធារណៈ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព សុវត្ថិភាព សីលធម៌វិជ្ជាជីវៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលជាតិ។ ទន្ទឹមនឹងការពង្រឹងសេវាសុខភាពបឋម ក្រសួងសុខាភិបាល ក៏បន្តជំរុញការអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ព័ត៌មានសុខភាពត្រឹមត្រូវ និងស្វែងរកការព្យាបាលស្របតាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ ការកសាងទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេស គឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ស្របតាមគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល។

គួរបញ្ជាក់ដែរថាមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពដែលបានត្រួតពិនិត្យមានដូចជា៖
១. មណ្ឌលសុខភាពស្ទឹងវែង
២. ប៉ុស្ដិ៍សុខភាពតាតៃ
៣. មណ្ឌលសុខភាពឫស្សីជ្រុំ
៤. មណ្ឌលសុខភាពត្រពាំងរូង
៥. ប៉ុស្ដិ៍សុខភាពជ្រោយប្រស់

ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ នៃមន្ទីរសុខាភិបាលខេត្តកោះកុង៕

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
June 17, 2026

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលប្រតិភូកសិដ្ឋានចិញ្ចឹមបង្គាឈើនាង អញ្ជើញមកជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម និងដំណើរការ នៃការចិញ្ចឹមបង្គារ របស់កសិដ្ឋាន ដែលមានទីតាំងនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    18/06/2026

    កិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពទ្យបង្អែកខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    18/06/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ សមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកោះកុង​ និងសហការីបានចូលរួម ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា

  • ហេង គីមឆន/
    18/06/2026

    ឯកឧត្តម កាយ សំរួម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍កម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូរណសិរ្សខេត្តកោះកុង ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា នៅមហាចេតីយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16