លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រដ្ឋបាលខេត្តកោះកុង ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ” ដែលមានសមាសភាពអញ្ជើញចូលរួម មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ទីចាត់ការ/អង្គភាព/ផ្នែកចំណុះសាលាខេត្ត អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងយុវជន ចំនួន ១៣៥នាក់ ស្រី ២៨នាក់។ គោលបំណង នៃវេទិកា គឺអនុលោមទៅតាមគោលការណ៍ កាណែនាំ និងសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកាពិគ្រោះយោបល់ឲ្យ បានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ ជាមួយអង្គការសង្គមស៊ីវិល ពោលគឺ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ដើម្បីទទួលបាននូវធាតុចូល ជាលទ្ធផលនៃការអនុវត្ត បញ្ហាប្រឈម ឬសំណើ/សំណូមពរផ្សេងៗ ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត អធីបតី បានថ្លែងជម្រាបជូនអង្គវេទិកា ថា៖ ថ្វីត្បិត កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយការបង្កើត ការចូលរួម និងការអនុវត្តសកម្មភាពរបស់សង្គមស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដោយក្តី ក៏ទន្ទឹមនឹងនោះ នៅមានសង្គមស៊ីវិលមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញតិ នៃច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៅឡើយ ដែលធ្វើឲ្យ ការប្រតិបត្តិសកម្មភាពជារួម ឬដោយអន្លើ ត្រូវបានហាមឃាត់ ខកខាន ឬរាំងស្ទះ។ ជាមួយគ្នានេះផងដែរ ការហាមឃាត់ ខកខាន ឬរាំងស្ទះ នៃការប្រតិបត្តិសកម្មភាពរបស់សង្គមស៊ីវិលខាងលើ គឺមិនអាស្រ័យ ទាំងស្រុងតែទៅលើទក្សល្អីករនៃការមិនបំពេញកាតព្វកិច្ចនោះទេ គឺនៅមានទក្សល្អីករដទៃទៀត ជាអាទិ៍៖ រដ្ឋបាលថ្នាក់ក្រោមជាតិ កង្វះធនធានមនុស្ស ឬមធ្យោបាយសម្ភារៈសម្រាប់ចូលរួម កង្វះព័ត៌មាន និង ចំណេះដឹង… ជាដើម ។ល។ ផ្អែកលើមូលដ្ឋាននេះ វេទិកាពិគ្រោះយោបល់ គួរត្រូវបានធ្វើឡើងជាទៀងទាត់ សម្រាប់ធ្វើជា សូចនាករ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមបម្រើការពារប្រយោជន៍សាធារណៈ ហើយជាសំណូមពររបស់លោក គឺវេទិកានេះនឹងមិនត្រូវបានយកធ្វើជាវេទិកាសម្រាប់កេងចំណេញផ្នែកនយោបាយ ឬជាវេទិកាសម្រាប់ជេរប្រមាថ បុគ្គល ឬនីតិបុគ្គល ណាមួយឡើយ។
ជាលទ្ធផល នៃវេទិកាពិគ្រោះបល់ខាងលើ (១)សេចក្តីរាយការណ៍សង្ខេប អំពីស្ថានភាពនៃការអនុវត្តសកម្មភាពរបស់អង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត និង(២)ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល និង(៣)កិច្ចពិភាក្សាសំណួរ/ចម្លើយ ត្រូវបានលើកយកមកធ្វើជារបៀបវារៈ នៃកម្មវិធី។ ទន្ទឹមនឹងនោះកំឡុងកិច្ចពិភាក្សាសំណួរ/ចម្លើយ សំណើ/សំណូមពរ ចំនួន ០៧ ត្រូវបានលើកឡើង ដោយអង្គការសង្គមស៊ីវិល ហើយត្រូវបានទទួលបានការបំភ្លឺ និងដោះស្រាយ ពីមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
ជាទីបញ្ចប់ វេទិកាពិគ្រោះយោបល់ ត្រូវបានប្រព្រឹត្តទៅដោយរលូនតាមកម្មវិធី និងទទួលបានការវាយតម្លៃខ្ពស់ ជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នូវនីតិវិធី មធ្យោបាយ បញ្ហាប្រឈមដែលជាចំណុចខ្វះខាតនានា សម្រាប់ធ្វើឆ្លុះបញ្ចាំងលើការលើកកម្ពស់គណនេយ្យភាព និងតម្លាភាព ក្នុងការអនុវត្តឲ្យលល្អប្រសើរ ក្នុងដំណើរការអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ December 20, 2024