លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរជំនាញពាក់ព័ន្ធ និងបានចុះពិនិត្យទីតាំងដីសម្រាប់គ្រោងរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងខេមរភូមិន្ទ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ យោងតាមគោលដៅអភិវឌ្ឍន៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងនឹងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងតាមការណែនាំរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង គ្រោងនឹងរៀបចំការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងសំណលរាវ ឱ្យបានល្អប្រសើរ ឆ្លើយតបនឹងការរីកចម្រើននៃសង្គមជាតិ និងជាក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ។ ឆ្លើយតបនឹងការគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ រដ្ឋបាលខេត្ត បានដាក់ចេញផែនការគ្រោង ៖
១.ផ្លាស់ប្តូរទីតាំងដីចាក់សំរាម ពីក្បែរផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ទៅទីតាំងដីថ្មី ០១កន្លែង ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំងាយ ១៤គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ និង ៥គីឡូម៉ែត្រពីផ្លូវជាតិលេខ១០ គ្រោងទំហំ១០០ហិកតា និងស្នើសូមទៅក្រសួងបរិស្ថាន ដើម្បីគាំទ្រគម្រោង
២.កំណត់យកទីតាំងដីអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទំហំប្រមាណជាង ៣ហិកតា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងដាក់សំណើសូមការសាងសង់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ December 20, 2024