រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកក្នុងវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា ដល់មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាព័ត៌មានវិទ្យា របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ សាលាខេត្ត

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកក្នុងវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា ដល់មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាព័ត៌មានវិទ្យា របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ សាលាខេត្ត។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមតំណាងឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ខ្ញុំសូម ថ្លែងអំណរគុណចំពោះ ក្រុមការងារព័ត៌មានវិទ្យាសាលាខេត្ត ដែលបានសហការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មានវិទ្យា ដល់មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាព័ត៌មានវិទ្យា របស់មន្ទីរ អង្គភាពជំវិញខេត្ត នាពេលនេះ ហើយក៏អរគុណដល់មានវត្តមានអស់លោក លោក ស្រីទាំងអស់ ដែលជាអ្នកទទួលខុសត្រូវផ្នែកព័ត៌មានរបស់មន្ទីរ អង្គភាពនានា បានចូលរួម ពង្រឹងចំណេះដឹងបន្ថែមពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធមានវិទ្យា សម្រាប់បម្រើជាប្រយោជន៍ដល់ មន្ទីរ អង្គភាពរបស់ខ្លួន ក៏ដូចជាសាធារណជន។
អស់លោក លោកស្រី បានជ្រាបរួចហើយថា បណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញ សង្គមហ្វេសប៊ុកតែម្តង។ ជាការពិតណាស់កន្លងមក ក្រុមការងារព័ត៌មានវិទ្យាខេត្ត បានសហការ យ៉ាងជិតស្និទ្ធក្នុងការបំពេញការងារ ជាមួយក្រុមការងារព័ត៌មានវិទ្យា របស់ទីចាត់ការ និងអង្គភាពចំណុះខេត្ត និងមន្ទីរ អង្គភាពនានា ដែលជាជនបង្គោលដ៏សំខាន់សម្រាប់ការងារនេះ បានដំណើរការល្អ និងមានការរីកចម្រើនជាបន្តបន្ទាប់។
លទ្ធផលទាំងនេះ សម្រេចបានក៏ដោយសារមានការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារក្រោយពីបញ្ចប់សកម្មភាពការងាររបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនសាធារណជន បានដឹងអំពីសកម្មភាពការងារផ្សេងៗ និងការផ្សព្វផ្សាយតំបន់ ទេសចរណ៍ សក្តានុពលទេសចរណ៍ រម្មនីយដ្ឋាននានា ទស្សនីយ៍ភាព លិខិតបទដ្ឋានគតិយុត្ត នានា រួមទាំងព្រឹត្តិការណ៍សំខាន់ៗដែលត្រូវបានរៀបចំឡើងនៅក្នុងខេត្តកោះកុងរបស់យើង។
ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពទៅបាន គឺទាមទារឱ្យអស់ លោក លោកស្រី មានការយល់ដឹងផ្នែកច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាននៅក្នុងមន្ទីរ អង្គភាព របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណជន ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ គេហទំព័រ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ក៏ដូចជាផេក ឬ Account របស់មន្ទីរ អង្គភាព ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួមជាគំនិតមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ រួមមាន ៖
-ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសិក្សា ស្រាវជ្រាវនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ និង យកចិត្តទុកដាក់ប្រមូល និងរៀបចំផលិតព័ត៌មានឱ្យស្របតាមបរិបទបច្ចុប្បន្ន។ ថ្នាក់ដឹកនាំត្រូវតែលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុក ដូចជាការផ្តល់ជូននូវ សម្ភារ បរិក្ខារ ធនធាននានាដែលគាំទ្រដល់ដំណើការ និងយន្តការនៃការរៀបចំព័ត៌មាន។
-មន្ត្រីរាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមន្ទីរ អង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការល្អ ចូលរួមផ្តល់ព័ត៌មានដល់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ប្អូន ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
-ត្រូវតាមដានជាប្រចាំនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាន ដើម្បីមានមូលដ្ឋាន ក្នុង ការរៀបចំព័ត៌មានកាន់តែបានល្អប្រសើរបន្ថែមទៀត។
-ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រី ជំនាញទទួលបន្ទុកគ្រប់គ្រង គេហទំព័រ ហ្វេកប៊ុកផេករបស់រដ្ឋបាលខេត្តកោះកុង និងផេករបស់លោកជំទាវអភិបាលខេត្ត ដើម្បីរៀបចំផលិតព័ត៌មានបានល្អប្រសើរ និងបង្ហោះជូនសាធារណជនបានជ្រាប បានទស្សនាកម្សាន្តដោយរីករាយ។
ជាថ្មីម្តងទៀង ខ្ញុំសូមបញ្ជាក់ជូនថា វគ្គផ្សព្វផ្សាយពង្រឹងសមត្ថភាពនាពេលនេះ គឺជាបរិប ទដ៏សំខាន់ ក្នុងការចែករំលែក ផ្តល់ចំណេះដឹង ជូនគ្នាទៅវិញទៅមកក្នុងជួរមន្ត្រីរាជការ ដើម្បីប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល និងបណ្តាញសង្គមឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍ សម្រាប់អង្គភាពរបស់ខ្លួន។

ខ្ញុំសង្ឃឹមថា លោក លោកស្រីនឹងចូលរួមដោយយកចិត្តទុកដាក់ខ្ពស់បំផុត ពីបទបង្ហាញ របស់ក្រុមការងារព័ត៌មានវិទ្យាខេត្ត នាពេលបន្តិចទៀតនេះ ដែលនឹងនាំយកនូវចំណេះដឹង បទពិសោធន៍ ដើម្បីយកទៅចែករំលែក និងផ្សព្វផ្សាយបន្តដល់មន្ត្រីរាជការក្នុងអង្គឡភាព និងអ្នកពាក់ព័ន្ធ បានយល់ដឹង និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្តទៀត។
ខ្ញុំសូមថ្លែងអំណរគុណចំពោះ ក្រុមការងារព័ត៌មានវិទ្យាខេត្ត អស់លោក លោកស្រីជាមន្ត្រី ទទួលបន្ទុករៀបចំព័ត៌មានរបស់មន្ទីរ អង្គភាពនានាក្នុងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមធ្វើបទបង្ហាញពង្រឹងចំណេះដឹង ចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលនា ពេលនេះ និងសូមជូនពរ អស់លោក លោកស្រី សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ពេលវេលាសមល្មមហើយ ខ្ញុំសូមប្រកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារ ព័ត៌មានវិទ្យា ដល់មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាព័ត៌មានវិទ្យា របស់មន្ទីរ អង្គភាពជំវិញខេត្ត ចាប់ពីពេលនេះតទៅ៕
ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង