លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង
តាមការរាយការណ៍របស់ លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ ប្រធានពន្ធនាគារខេត្តកោះកុង បានឱ្យដឹងថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ចំនួន ៧០៣នាក់ ស្រី៤៨នាក់ ត្រូវបានប្រព្រឹត្តទៅល្អប្រសើរដូចប្រក្រតី ទាំងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុខភាព អនាម័យ។ ជាលទ្ធផល ចំពោះការបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តមិនមានលិខិត ឬបណ្ដឹងឡើយ ដែលលទ្ធផលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងបានយ៉ាងល្អប្រសើរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត បានផ្ដល់នូវការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្ដីមានសមត្ថកិច្ចពាក់ព័ន្ធសំដៅដល់ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយក្នុងពន្ធនាគារ៕
ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤