លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន ហានា(HANA) ក្រុមហ៊ុន ហុីយ៉ាន់ដាយ(HYUNDAI) និងក្រុមហ៊ុន ៩៩
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងឱកាសនេះជម្រាបជូនដូចតទៅ យោងតាមលោក Masami Ishida ក្នុងជំពូកទី១ ស្ដីពី ការអភិវឌ្ឍនៃតំបន់ត្រីកោណទាំង៥ ក្នុងមហាអនុតំបន់មេគង្គ ៖ សម្រាប់ភូមិសាស្រ្ត នៃមហាអនុតំបន់មេគង្គ (មាន៦ ប្រទេស ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម) មានតំបន់ត្រីកោណចំនួន៥ ដែលកំពុងមានកិច្ចសហការ រវាងបីប្រទេស ក្នុងនោះរួមមាន៖ ១. តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (Cambodia-Laos-Vietnam Development Triangle Area ឬហៅកាត់ថា CLV-DTA) ២. តំបន់ត្រីកោណ កម្ពុជា ឡាវ ថៃ (Emerald Triangle) ៣. ត្រីកោណមាស មីយ៉ាន់ម៉ា ឡាវ និងថៃ (Golden Triangle) ៤. តំបន់ត្រីកោណបៃតង ចិន ឡាវ មីយ៉ាន់ម៉ា (Green Triangle) ៥. តំបន់ត្រីកោណ ចិន ឡាវ និងវៀតណាម(China-Laos-Vietnam) និងដោយឡែកផ្សេងទៀតក៏មានតំបន់ត្រីកោណឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ(Indonesia-Malaysia-Thailand)ផងដែរ។
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) • តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានបង្កើតឡើង នៅឆ្នាំ១៩៩៩ ពីកិច្ចប្រជុំកំពូលនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ • CLV-DTA អភិវឌ្ឍលើខេត្តចំនួន ១៣ ក្នុងប្រទេសទាំង ៣។ នៅប្រទេសវៀតណាម ការផ្តោតសំខាន់គឺទៅលើខេត្ត៥ នៃតំបន់ខ្ពង់រាបភាគកណ្តាលដូចជា ខេត្ត កង់ទុំ (Kon Tum), ខេត្តយ៉ាឡាយ (Gia Lai), ខេត្តដាក់ឡាក់ (Dak Lak), ខេត្តដាក់ណុង (Dak Nong) និង ខេត្តប៊ិញភឿក (Binh Phuoc)។ • នៅក្នុងប្រទេសកម្ពុជាមានចំនួន៤ខេត្ត ខេត្តភាគឦសានមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។ • នៅប្រទេសឡាវមានចំនួន៤ ខេត្ត ខេត្តភាគខាងត្បូងរួមមាន ខេត្តអាត់តាពឺ (Attapu) ខេត្តសាឡាវ៉ាន់ (Salavan) ខេត្តសេកុង (Sekong) និង ខេត្តចម្ប៉ាសាក់ (Champasak)។
គោលបំណងនៃ CLV-DTA ៖ ១. ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២. ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ៣. កសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម
៤. ការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ វិស័យកិច្ចសហប្រតិបត្តិការទាំងប្រាំពីរ ៖ ១. ការលើកតម្កើងការវិនិយោគ ២. ការសម្របសម្រួលពាណិជ្ជកម្ម ៣. កិច្ចសហប្រតិបត្តិការជាមួយសហគ្រាស ៤. ផែនការសំខាន់ៗសម្រាប់ឧស្សាហកម្ម ៥. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ៦. ការអភិវឌ្ឍធនធានមនុស្ស
៧. ការអភិវឌ្ឍជនបទ
យន្តការ CLV-DTA ៖ • CLV-DTA ដំណើរការតាមរយៈកិច្ចប្រជុំ និងគណៈកម្មាធិការជាបន្តបន្ទាប់។ • កម្រិតខ្ពស់បំផុតគឺកិច្ចប្រជុំកំពូលដែលមេដឹកនាំមកពីប្រទេសទាំងបី។ • នៅខែធ្នូ ឆ្នាំ ២០០៦ វៀតណាមបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍ CLV លើកទី៤ ហើយបានបង្កើតគណៈកម្មការសម្របសម្រួលរួម (Joint Coordination Commission-JCC) សម្រាប់កិច្ចសហប្រតិបត្តិការ CLV ។ •មុខងារចម្បងរបស់គណៈកម្មាការសម្របសម្រួល ការអនុវត្តការសម្របសម្រួល និងការចុះសម្រុងគ្នា នៃគោលនយោបាយនៅទូទាំងតំបន់ CLV សម្រាប់ការអភិវឌ្ឍត្រីកោណ។ • JCC ត្រូវបានគាំទ្រដោយអនុគណៈកម្មាធិការចំនួនបួនដែលត្រូវបានបង្កើតឡើងក្រោមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Senior Officials Meeting-SOM) ដែលដោះស្រាយបញ្ហាជាក់លាក់ដូចជាសេដ្ឋកិច្ច បញ្ហាសង្គម ការសម្របសម្រួលខេត្ត និងសន្តិសុខ/កិច្ចការបរទេស។
វៀតណាមបានជំរុញវិធីសាស្រ្តពហុភាគី ដោយចូលរួមជាមួយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក។ ទង្វើតុល្យភាពជាយុទ្ធសាស្រ្តរបស់ប្រទេសទាំង៣ នេះបានអនុញ្ញាតឱ្យ CLV បង្កើនទម្ងន់រួម និងជៀសវាងការក្លាយជាកូនអុកក្នុងការតស៊ូអំណាចរវាងមហាអំណាចធំៗ។ ដោយពិចារណាលើទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន នៃឥណ្ឌូប៉ាស៊ីហ្វិក បណ្តាប្រទេស CLV ដែលជាសមាជិកអាស៊ាន បង្ហាញពីឱកាសយុទ្ធសាស្ត្រសម្រាប់ប្រទេសមហាអំណាច ដោយសារទីផ្សារសេដ្ឋកិច្ច និងទីតាំងក្នុងតំបន់។ ដោយកត្តាទីតាំងយុទ្ធសាស្ត្រសំខាន់បែបនេះ មហាអំណាចធំៗបានចូលរួមកាន់តែខ្លាំងឡើង ជាមួយបណ្ដាប្រទេស CLV ។ ការចូលរួមនេះបានបង្ហាញពីទម្រង់នៃការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា ផ្លូវមួយ ខ្សែក្រវាត់មួយ BRI ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វត្តមានរបស់មហាអំណាចជាច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្ហាញពីឱកាសសម្រាប់ ប្រទេស CLV ដើម្បីបន្តយុទ្ធសាស្ត្រការទូតប្រកបដោយតុល្យភាព។ ដូច្នេះ រដ្ឋទាំងបីអាចបណ្តុះទំនាក់ទំនងចម្រុះពណ៌ ជាមួយដៃគូផ្សេងៗ ហើយកាតាលីករនេះ នឹងជួយពង្រឹងដល់ភាពជាកណ្តាលរបស់អាស៊ាននៅក្នុងតំបន់ថែមទៀត៕
ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ September 9, 2024