លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ និងពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអឹមផក(Mpox) ដែលអង្គការសុខភាពពិភពលោក បានប្រកាសជាគ្រោះអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្មណ៍ជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់(Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺផ្តាសាយបក្សី (H5N1) និងជំងឺអឹមផក (Mpox)ផងដែរ។ ដូច្នេះលោកប្រធាន ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លង ដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលព្រំដែនអន្តរជាតិចាំយាម ដើម្បីការពារសុខភាព ជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ August 28, 2024