រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤

ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា ក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សម្តែងនូវអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ដោយអនុលោមតាមមាត្រា៦២ នៃច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។
ទន្ទឹមនេះ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោត ជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ដើម្បីបន្តដឹកនាំក្រុង សំដៅចូលរួម ថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាព មកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបាន កំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។ លើសពីនេះ ទោះបីជា ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាព ក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ផ្អែកតាមរបាយការណ៍របស់ លោកអភិបាលក្រុងស្តីទី បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សា អាណត្តិទី៣ គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុង បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយកើតឡើងឡើយ ស្របតាមច្បាប់បោះឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។ សមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន២០ដង រួចមកហើយ ដែលព្រឹត្តិការណ៍នេះបានបង្ហាញ យ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្ស នយោបាយទាំងអស់ផងដែរ ដែលធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប

ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ដោយឡែក ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកទី១ ឆ្នាំ២០០២ មកទល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បច្ចុប្បន្ននេះ ប្រទេសយើងបានរៀបចំការបោះឆ្នោតនៅថ្នាក់ក្រោមជាតិចំនួន៩លើករួចមកហើយ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ៕
ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ June 18, 2024

អត្ថបទទាក់ទង