លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់”ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់។
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់”ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់នាឱកាសនេះ។
នាងខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងសូមស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមាន លោកវេជ្ជបណ្ឌិត មាស ថា ព្រមទាំងសហការី និងលោក លោកស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីដ៏មានសារសំខាន់នេះ។
ជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ នាងខ្ញុំជឿជាក់ថា វត្តមាន លោកជំទាវ លោក លោកស្រីនាឱកាសនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់យើងទាំងអស់គ្នា ក្នុងការចូលរួមការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋយើង។ នាងខ្ញុំយល់ឃើញថា ការរៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាអាចបង្កើនចំណេះដឹង និងការផ្សព្វផ្សាយ ព្រមទាំងជាការចែករំលែកបទពិសោធន៍ ដែលជាសកម្មភាពមួយដ៏សំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅលុបបំបាត់ ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
តាមរយៈពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់” ដែលកំពុងរៀបចំនាពេលនេះ ពិតជាអាចបង្កើនចំណេះដឹង និងអាចផ្សព្វផ្សាយបន្ត សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់ ក៏ដូចជាសមាជិកគ្រួសារ ដែលធ្វើការនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗថែមទៀត ពីមន្ត្រីជំនាញមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ក្រសួងសុខាភិបាល ក៏ដូចជាការចូលរួមផ្តល់បទពិសោធន៍ ចំណេះដឹងពីអង្គពិធីទាំងមូលផងដែរ។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការ កិច្ចសហការល្អ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល និងមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធ នឹងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងវិធានការ ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ June 5, 2024








