លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកិច្ចបជុំ ផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកបណ្ឌិតអភិបាលរងខេត្ត បានលើកឡើងថាថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានលេខាធិកាដ្ឋានជាសេនាធិការ បានសហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តកោះកុងនាពេលនេះ។ ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធររាជធានី ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការងារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ អំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ជាក់ស្តែង ស្ថានការណ៍បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តកើតមានដែលគួរឱ្យព្រួយបារម្ភ ក្នុងការលួចលាក់កែច្នៃ និងវេចខ្ចប់គ្រឿងញៀនតាមរូបភាពផ្សេងៗ ការចរាចរ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ខេត្តកោះកុងរបស់យើង ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពគ្រឿងញៀន នៅតែមានការវិវត្តន៍ប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដែលក្នុងនោះរួមមានដូចជា៖ ការជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ទោះបីក្នុងទ្រង់ទ្រាយតូចៗ ក៏ពិតមែន តែមានចំនួនច្រើនសកម្មភាព។ ប្រភេទគ្រឿងញៀនដែលបានបង្ក្រាប និងប្រើប្រាស់ភាគច្រើន គឺជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលការផ្លាស់ប្តូរពីវត្តមាន ប្រភេទគ្រាប់ ទៅជាការកើនឡើងនូវវត្តមានប្រភេទ ICE នេះគឺជាសញ្ញា នៃការបង្កគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកបើ មុនឆ្នាំ២០១៥អាចនិយាយបានថា កម្ពុជា គ្រាន់តែជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ នៃគ្រឿងញៀនតិចតួចជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន បើយោងលើស្ថានភាពជាក់ស្តែង យោងលើលទ្ធផលបង្ក្រាបរបស់សមត្ថកិច្ច និងកំណើននៃការបង្កើតថ្មីនៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា កម្ពុជាបាននឹងកំពុងទទួលរងផលប៉ះពាល់នៃបញ្ហាគ្រឿងញៀនដូច បណ្តាប្រទេសផ្សេងទៀត។ បើស្ថានភាពបែបនេះនៅតែបន្ត កម្ពុជា នឹងអាចក្លាយជា ប្រទេសដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងបណ្តាប្រទេសនានា ការចរាចរជួញដូរករណីធំៗត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ថ្នាក់ខេត្ត និងក្រុងស្រុក បង្ក្រាប យ៉ាងមានប្រសិទ្ធភាព និងទាន់ពេល។ ប៉ុន្តែករណី ចែកចាយ លក់ដូរតូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួនក្នុងខេត្ត នៅតែជាការរំខាន ជាក្តី ព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តគិតគូរ យកចិត្តទុកដាក់ និង ចាត់វិធានការសមស្របបន្ថែមទៀតឱ្យបានទាន់ពេលវេលា ដូចដែលយើងបានអនុវត្ត មាន ប្រសិទ្ធភាពនៅក្នុងផែនការយុទ្ធនាការលើកទី៧ ក្នុងឆ្នាំ២០២២កន្លងមក។
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិ ការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងកោះកុង និងអាជ្ញាធរក្រុងស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក មូលដ្ឋានដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានអនុវត្ត និងចូលរួមសហការ យ៉ាងសកម្មក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននា ពេលកន្លងមកនេះ។
ដើម្បីឱ្យ ខេត្តកោះកុងយើង សម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំ លើឆន្ទៈ និងការតាំងចិត្តរបស់ ឯកឧត្តម លោក លោកស្រី ជាពិសេសសមត្ថកិច្ចជំនាញ ក្នុងគោលដៅទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា និងវិបត្តិនានាដែលបង្កឡើងនៅ ក្នុងមូលដ្ឋានជាក់ជាមិនខាន។ ស្ថិតក្នុងស្ថានភាព និងបរិបទនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី នីតិកាលទី៦ នៃរដ្ឋសភា ក៏បានដាក់ចេញនូវផែនការលេខ ០១ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី ០១ ខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣) សម្រាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈអភិបាលរាជធានី ខេត្តទាំងអស់ ចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវយកចិត្ត ទុកដាក់បំផុតក្នុងការអនុវត្ត នូវផែនការខាងលើ ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន ក្នុងពេល បច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងដើម្បី លើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធបទ្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំ លើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងគោរព អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទះមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ដើម្បីដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្ដិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពី កម្ពុជា។
ឈរលើស្មារតីនេះ ដើម្បីកុំឱ្យអូសបន្លាយពេលវេលា ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំ ផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាប់ពីពេលនេះតទៅ៕
ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល November 20, 2023