រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣។

លោកនាយករដ្ឋបាល បានលើកឡើងថា ថ្ងៃនេះ តាងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវបីតិសោមនស្ស រីករាយបំផុត ដោយមានឱកាសបានមកចូលរួមជាមួយលោក លោកស្រី នៅក្នុងពិធីបើកកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ថ្នាក់ខេត្ត ដ៏មានសារសំខាន់នេះ។
យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងផ្ដោតអាទិភាពទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា។ បញ្ចកោណទី១ នៃបញ្ចកោណយុទ្ធសាស្រ្ដ គឺការអភិវឌ្ឍមូលធនមនុស្ស ។ ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងសម្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការណ៍នេះបង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្សមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាផ្ដោតលើអាទិភាពចំនួន៥៖ (១)-ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា, (២)-ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស,(៣)-ការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន,(៤)-ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
មូលធនមនុស្ស គឺជាមនុស្ស ឬជាបុគ្គលដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង ជំនាញ ព្រមទាំងមានសុខភាពល្អ សតិ បញ្ញា ស្មារតីវាងវៃ សម្រាប់ប្រើប្រាស់ដើម្បីសម្រេចបាននូវគោលដៅ និងស្ថានភាពជាក់លាក់នៅក្នុងសង្គមជាតិ។កុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ មិនត្រឹមតែធ្វើឲ្យកុមារមានរូបរាងស្គមស្គាំង ស្លេកស្លាំង ក្រិស ក្រិន និងសតិ បញ្ញា ស្មារតីមិនល្អប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឲ្យកុមារមានសុខភាពមិនរឹងមាំ មិនមានកម្លាំងកំហែង រៀនសូត្រមិនពូកែ និងបាត់បង់ឱកាសសំខាន់ៗក្នុងជីវិតរស់នៅផ្ទាល់ខ្លួន និងប្រទេសជាតិ។ មូលហេតុដែលបណ្ដាលឲ្យកុមារមានបញ្ហាខ្វះអាហារូបត្ថម្ភ គឺអាចបណ្ដាលមកពីអាណាព្យាបាលខ្វះចំណេះដឹង ខ្វះការថែទាំ កុមាររើសចំណី ឬដោយជីវភាពក្រីក្រជាដើម ។ អាហារូបត្ថម្ភ គឺជាសារជាតិចិញ្ចឹម និងទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ រីកលូតលាស់ និងមានថាមពលគ្រប់គ្រាន់ ដែលសារជាតិទាំងនេះមាននៅក្នុងអាហារប្រចាំថ្ងៃដូចជាត្រី សាច់ បន្លែ ផ្លែឈើ… ។
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាគម្រោងសេវាសង្គម ដែលត្រូវបានបង្កើតឡើងតាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតទាំងក្នុងនយោបាយ និងការវិនិយោគលើផ្នែកសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ មានគោលបំណងដើរតួជាចំណុចគោលសម្រាប់ជំរុញ និងសម្របសម្រួលយន្តការនានា ក្នុងការបង្កើនការកសាងធនធានមនុស្សរបស់ប្រទេសជាតិ ដោយផ្តោតសំខាន់លើវិធីសាស្រ្តតាមមូលដ្ឋានសុខាភិបាល និងសហគមន៍ សម្រាប់សុខភាព និងអាហារូបត្ថម្ភរបស់មាតា និងកុមារ នៅក្នុងឆ្នាំដំបូង ជាមួយនឹងគោលដៅ ធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពសេវាសុខភាពមាតា កុមារ និងអាហារូបត្ថម្ភជាអាទិភាពនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានបែងចែកជា ៣សមាសភាគ ៖ សមាសភាពទី១) ពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព សមាសភាគទី ២) ជំរុញឲ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍ និងសមាសភាពទី៣)ធានាឲ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ក្រសួងសុខាភិបាលជាភ្នាក់ងារអនុវត្តសមាសភាគទី១ និងទី៣ ចំណែកឯលេខាធិការដ្ឋាននៃ គ.ជ.អ.ប ជាភ្នាក់ងារអនុវត្តសមាសភាពទី២បច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងដំណើរការនៅខេត្តគោលដៅចំនួន០៩ គឺខេត្តកោះកុង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ តាមរយៈហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍នានា រួមមាន៖ នាយកដ្ឋានពាណិជ្ជកម្ម និងកិច្ចការបរទេស(DFAT)របស់ប្រទេសអូស្ត្រាលី ធនាគារអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់(KfW) មូលនិធិសកលសម្រាប់គាំទ្រស្រ្ដី និងកុមារ និងធនាគារពិភពលោក(WB)។
ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យ រដ្ឋបាលខេត្តកោះកុងត្រូវបានលេខាធិការនៃ គ.ជ.អ.ប ពិនិត្យ និងលើកទឹកចិត្តជ្រើសយកជាខេត្តគោលដៅអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា(CNP)ជុំទី១ ក្នុងឆមាសទី១ ឆ្នាំ២០២០ ដោយក្នុងនោះ៖
ស្រុកគោលដៅជុំទី១- មាន៣ស្រុក គឺស្រុកបូទុមសាគរ ស្រុកគិរីសាគរ ស្រុកថ្មបាំង និងឃុំចំនួន១៣

ស្រុកគោលដៅជុំទី២- មាន១ស្រុក គឺស្រុកកោះកុង និងឃុំចំនួន៤ នៅឆមាសទី១ ឆ្នាំ ២០២២
ក្រុង ស្រុកគោលដៅជុំទី៣- មាន៣ក្រុង ស្រុក គឺក្រុងខេមរភូមិន្ទ ស្រុកស្រែអំបិល ស្រុកមណ្ឌលសីមា និងឃុំ សង្កាត់ចំនួន១២ នៅឆមាសទី២ ឆ្នាំ២០២២។
បច្ចុប្បន្ន ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្ដកោះកុង គឺជារដ្ឋបាលគោលដៅអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារអនុវត្តគម្រោងទាំងអស់ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី ភារកិច្ច និងកិច្ចសហការនានា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣កន្លងទៅរហូតសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន ហើយបាននឹងកំពុងបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ និងជាពិសេសសម្រាប់ប្រជាជន នៃខេត្តកោះកុងរបស់យើងទាំងមូលផងដែរ។
កិច្ចប្រជុំដែលកំពុងត្រូវបានប្រារព្ធរៀបចំធ្វើឡើងនាថ្ងៃនេះ គឺមានគោលបំណងផ្ដល់ឱកាសឱ្យអង្គពាក់ព័ន្ធទាំងអស់ក្នុងក្របខណ្ឌគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ជួបជុំគ្នាដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយទៅលើបញ្ហានានា បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតជាមួយឱកាសនេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គពិធីជ្រាបថា ក្នុងតួនាទី ភារកិច្ច ជាខេត្តគោលដៅអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រដ្ឋបាលខេត្ត ដោយមានក្រុមការងាររបស់ថ្នាក់ខេត្តជាសេនាធិការ ការជួយគាំទ្រផ្នែកបច្ចេកទេសពីអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត (PC) និងដោយមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្ដីណែនាំនានា ជាមូលដ្ឋានក្នុងរយៈពេល៣ខែ នៃត្រីមាសទី៣ ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលខេត្តដោយផ្ទាល់និងតាមរយៈការជួយសម្របសម្រួល គាំទ្ររបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ បានអនុវត្តការងារស្នូលរបស់គម្រោងជាច្រើនសកម្មភាព និងសម្រេចបានលទ្ធផលគួរកត់សម្គាល់ ក្នុងនោះរួមមាន៖ ការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ នៃរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ការរៀបចំធ្វើផែនការហ្វឹកហ្វឺនប្រចាំឆមាសទី២ ឆ្នាំ២០២៣ និងបាននឹងកំពុងផ្ដល់អន្ដរាគមន៍ហ្វឹកហ្វឺន នៅតាមឃុំ សង្កាត់,ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមទ្រទ្រង់សុខភាពភូមិ និងផ្ញើជូនក្រសួងសុខាភិបាល, កត់ត្រាវគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ និងផ្ញើជូនលេខាធិការដ្ឋាន គ.ជ.អ.ប ការរៀបផែនការគម្រោងអាហារូបត្ថម្ភនៅកម្ពុជារបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក និងផែនការសកម្មភាពកម្មវិធីឃុំ សង្កាត់សម្រាប់ ស្រ្ដីនិងកុមារ របស់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ក្រុមទ្រទ្រង់សុខភាពភូមិទាំង១១៩ភូមិទទួលបានការបណ្ដុះបណ្ដាលស្ដីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភរួចរាល់ ភូមិទាំង១១៩ភូមិមានទិន្នន័យគ្រួសារ១០០០ថ្ងៃដំបូងនៃជីវិត និងផែនទីសង្គមគ្រប់ភូមិ,ពិនិត្យ តាមដាន និងគាំទ្ររដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងក្រុមអ្នកទ្រទ្រង់សុខភាពភូមិអនុវត្តតួនាទី ភារកិច្ច តាមរយៈការណែនាំ ការផ្ដល់ប្រឹក្សាយោបល់ ការផ្ដល់ប្រឹក្សាបច្ចេកទេស ការហ្វឹកហ្វឺន…,សម្របសម្រួលនិងគាំទ្រគណៈប្រតិភូចម្រុះរបស់ថ្នាក់ជាតិចុះមកបំពេញបេសកកម្មពិនិត្យ និងវាយតម្លៃការអនុវត្តពាក់កណ្ដាលអាណត្តិគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដោយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។
អង្គពិធីទាំងមូល ជាទីមេត្រី ! ទន្ទឹមនឹងការយកចិត្តទុកដាក់ធ្វើសកម្មភាពដ៏សកម្ម ជាមួយនឹងការសម្រេចបាននូវលទ្ធផលការងារគួរឱ្យកត់សម្គាល់ដូចខាងលើ យើងក៏នៅជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ហើយដែលបញ្ហាទាំងនោះតម្រូវមានការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រោះករណីនេះវាជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅ នៃគម្រោង ។ បញ្ហាទាំងនោះរួមមាន៖
-ថវិកាសម្រាប់គាំទ្រសកម្មភាពរបស់ក្រុមការងារថ្នាក់ខេត្តចុះជួយគាំទ្រក្រុង ស្រុក ឃុំ សង្កាត់មានចំនួនតិច មិនទាន់អាចឆ្លើយតបបានតាមតម្រូវការ។
-រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់មិនទាន់ដែលអនុវត្តតាមទម្រង់ និងរបៀបរបបរាយការណ៍ ស្ដីពីមូលនិធិគាំទ្រការផ្ដល់ សេវាឃុំ សង្កាត់។
-សមត្ថភាពខាងជំនាញ និងបច្ចេកទេសក្នុងការគាំទ្រឃុំ សង្កាត់អនុវត្តតួនាទី ភារកិច្ចរបស់សមាជិកមួយចំនួន នៃក្រុមការងាររបស់ថ្នាក់ក្រុង ស្រុក នៅមានកម្រិត។
-សមត្ថភាពខាងចំណេះដឹងមូលដ្ឋានរបស់អ្នកអនុវត្តសំខាន់ៗ មួយចំនួននៅរដ្ឋបាលថ្នាក់ឃុំ សង្កាត់ និងក្រុមទ្រទ្រង់សុខភាពភូមិ មិនទាន់អាចឆ្លើយតបបានតាមការតម្រូវរបស់គម្រោង។
ចំណុចដែល លោកនាយក អាចអញ្ចើញធ្វើបាឋកថាបន្ថែមក្រៅ ពាក់ព័ន្ធបញ្ហា៖
-បញ្ហាឃុំ សង្កាត់មិនទាន់បានប្រើប្រាស់ថវិកា ផ្នែកប្រតិបត្តិការកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្ដី និងកុមារ។
-ក្រុមការងារនៃរដ្ឋបាលក្រុង ស្រុកមួយចំនួនមិនសូវមានសាមគ្គីភាពការងារ និងការទទួលខុសត្រូវចំពោះការងារបានពេញលេញនៅឡើយ។

ក្នុងទិសដៅកៀរគរធាតុចូលសម្រាប់ការរៀបចំផែនការកែលម្អគុណភាពការងារ ប្រកបដោយគុណភាព និងជាមូលដ្ឋានបន្តពង្រឹងពង្រីកលទ្ធផលការងារថ្មីៗបន្ថែមទៀត ក្នុងគោលបំណងសម្រេចឱ្យបានជោគជ័យនូវគោលដៅ នៃគម្រោង ខ្ញុំសូមស្នើ លោក លោកស្រីសមាជិក សមាជិកានៃអង្គពិធីទាំងមូល អញ្ជើញចូលរួមបញ្ចេញមតិ យោបល់ពាក់ព័ន្ធនឹងបញ្ហានានា ឱ្យបានផុលផុស និងដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
មុននឹងបញ្ចប់ ខ្ញុំសូមជូនពរ លោក លោកស្រី នៃកិច្ចប្រជុំទាំងមូល សូមបានជួបតែពុទ្ធ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ថ្នាក់ខេត្ត ចាប់ពីពេលនេះតទៅ៕
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023

អត្ថបទទាក់ទង