រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ប្រជុំពិនិត្យ និងពិភាក្សាអំពីសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដី ស្ថិតក្នុងទីតាំង ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង

អាជ្ញាធរខេត្តកោះកុង ប្រជុំពិនិត្យ និងពិភាក្សាអំពីសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដី ស្ថិតក្នុងទីតាំង ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដែលមានសមាសភាពពាក់ព័ន្ធអញ្ជើញមកពី ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាខេត្ត អាជ្ញាធរស្រុកកោះកុង ទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សា អំពីសំណើរបស់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ស្នើសូមកាន់កាប់ដី ទំហំ ១៣.៥ហិកតា ស្ថិតក្នុងទីតាំង ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ក្នុងស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យឃើញថា៖
១.ទីតាំងដីស្នើសូម ស្ថិតនៅក្នុងទីតាំង ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ដែលបានចុះបញ្ជីជាដីរដ្ឋ ដោយអនុក្រឹត្យលេខ ២៥៦ អនក្រ.បក ស្តីពីការធ្វើអនុបយោគដីឯកជនរបស់រដ្ឋ ស្ថិតនៅស្រុកបូទុមសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង នៃខេត្តកោះកុង សម្រាប់ធ្វើសម្បទានដីសង្គមកិច្ច ជូនអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។  ចំពោះការស្នើសូមរបស់ប្រជាពលរដ្ឋ ដែលមិនមែនជាអតីតយុទ្ធជន គឺមិនត្រូវបានផ្តល់ជូនឡើយ។
២.ទីតាំងដីស្នើសូម ស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង របស់គណៈកម្មការគ្រប់គ្រងដីសម្បទានសង្គមកិច្ចថ្នាក់ជាតិ ដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ជាសេនាធិការ។
៣.ទីតាំងដីស្នើសូម ស្ថិតនៅត្រួតនឹងដី ចំនួន ១១ឡូតិ៍ ដែលនឹងត្រូវធ្វើការបែងចែកជូនអតីតយុទ្ធជន ក្នុង១គ្រួសារ ចំនួន២.៥ហិកតា ដែលបានសម្រេចដោយគណៈកម្មការគ្រប់គ្រង និងបែងចែកដីសម្បទានសង្គមកិច្ចថ្នាក់ខេត្ត។
៤.ដើម្បីជាការអនុវត្តស្របច្បាប់ បានណែនាំឲ្យសាមីបុគ្គល គួរដាក់សំណើទៅគណៈកម្មការគ្រប់គ្រងដីសម្បទានសង្គមកិច្ចថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យ និងវាយតម្លៃ ឬបន្តនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ប្រធានដឹកនាំកិច្ចប្រជុំ បានណែនាំដល់សមាជិក សមាជិក នៃកិច្ចប្រជុំ ត្រូវអនុវត្ត និងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរឈរលើស្មារតីទទួលខុសត្រូវ និងមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញពន្លឿនការចុះបញ្ជីដីរដ្ឋរបស់មន្ទីរអង្គភាព ឲ្យបានឆាប់រហ័ស ដើម្បីបង្ការ ទប់ស្កាត់ ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ និងដើម្បីបញ្ជៀសនូវទំនាស់ដីធ្លីនៅមូលដ្ឋាន ក្នុងពេលបច្ចុប្បន្ន និងអនាគត៕
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ September 4, 2023

អត្ថបទទាក់ទង