លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាលខេត្ត បានអញ្ជើញស្វាគមន៍ គណៈប្រតិភូកងទ័ពជើងទឹក យោធភូមិភាគទី១ ស្រុកសាត់តាហិប ខេត្តឈុនបុរី នៃព្រះរាជាណាចក្រថៃទ្បង់ដ៏ ក្នុងការផ្ដល់សម្ភារសិក្សា សម្ភារកីទ្បា និងថ្នាំពេទ្យប្រអប់មួយចំនួនផ្សេងទៀត ដល់វិទ្យាល័យប៉ាក់ខ្លង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកបណ្ឌិត បានបញ្ជាក់ថា តាមរយៈការប្រារព្ធនូវកម្មវិធីនេះ គឺសរបញ្ជាក់ឱ្យឃើញពីការជំរុញ ពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ និងការអភិវឌ្ឍសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) ជាពិសេស សមត្ថកិច្ចពាក់ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមរក្សានូវសន្តិសុខ សុវត្ថិភាព និងសន្តិភាព ព្រមទាំងធ្វើឱ្យមានទំនាក់ទំនង និងការអភិវឌ្ឍលើគ្រប់វិស័យ កាន់តែប្រសើទ្បើង សម្រាប់ការរស់នៅរបស់ប្រជាជនក្នុងតំបន់ តាមបណ្ដោយព្រំដែននៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ លោកបណ្ឌិតបានថ្លែងអំណរគុណ ដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតំលៃ ព្រមទាំំងបាននាំមកនូវសម្ភារផ្សេងៗ ដើម្បីឧបត្ថម្ភដល់វិទ្យាល័យ ក្នុងគោលបំណងជំរុញគាំទ្រដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ពិសេស គឺការសិក្សា និងការថែរក្សាសុខភាពរបស់សិស្សានុសិស្ស តាមរយៈ ការលេងកីឡា។ ជាទីបញ្ចប់ លោកបណ្ឌិត បានជូនពរ គណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមជួបប្រទះនូវពុទ្ធពរជ័យទាំងទ្បាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី August 31, 2023