លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំរបាយការណ៍ អនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
លោកនាយករដ្ឋបាល បានលើកឡើងថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការរៀបចំរបាយការណ៍ អនុវត្តការងាររបស់រដ្ឋបាលខេត្ត នាពេលនេះ។ តាងនាមគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ និងសូម កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកជំទាវ លោក លោកស្រី ដែលបានចូលរួមចំណែក និងផ្ដល់ កិច្ចសហការគាំទ្រ ក្នុងការអនុវត្តការងារ និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបូកសរុបរបាយការណ៍ កន្លងទទួលបានលទ្ធផលល្អប្រសើរ។ ដោយផ្អែកតាមលិខិតលេខ ០០២ ស.ណ.ន ចុះថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងស្មារតីនៃសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈប្រព័ន្ធZoom កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងមក តម្រូវឱ្យរដ្ឋបាលខេត្ត ត្រូវធ្វើការផ្សព្វផ្សាយជូន ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តនូវទម្រង់របាយការណ៍ថ្មីនេះ បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះតទៅ។ ដូចនេះ កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំរបាយការណ៍ អនុវត្តការងាររបស់រដ្ឋបាលខេត្តនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបទៅនឹងការរៀបចំរបាយការណ៍ឱ្យបានស្របទៅតាមការ ណែនាំរបស់ក្រសួងមហាផ្ទៃ រួមជាមួយនឹងការទទួលខុសត្រូវច្បាស់លាស់ លើការងាររៀបចំរបាយការណ៍ របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
ជាមួយគ្នានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំផងដែរថា កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹង ការណែនាំរបស់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការមួយទៀតក្នុងការជជែកពិភាក្សារួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងរកបញ្ហាប្រឈមដែលកើតមានឡើង រួមជា មួយនឹងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការបង្កើននូវកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរ ឡើងបន្ថែមទៀត។ ព្រមទាំងអាចរៀបចំរបាយការណ៍បានល្អប្រសើរបន្ថែមទៀត ជាមួយនឹងការរៀបចំរបាយការណ៍មករដ្ឋបាលខេត្ត ដើម្បីក្រុមការងាររៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលត្រៀមកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្ត ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ដោយបច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ការច្នៃប្រឌិតលើការងារ ត្រូវបានបង្កើតឡើងថ្មីៗជាបន្តបន្ទាប់ ធ្វើយ៉ាងណាបង្កភាពងាយស្រួល ចំនេញពេលវេលាដល់មន្រ្តី និងមានសុវត្ថិភាពក្នុងការទុកដាក់ឯកសារ ជាដើម។ ជាក់ស្តែង បន្តិចទៀតក្រុមការងារ នឹងធ្វើបទបង្ហាញអំពី របៀបបូកសរុបរបាយការណ៍ តាមរយៈប្រព័ន្ធអនឡាញ ដែលជាការច្នៃប្រឌិតថ្មីមួយក្នុងសម្រួលដល់ប្រព័ន្ធ ការងារឱ្យកាន់តែមានភាពងាយស្រួល ជូនដល់អង្គប្រជុំទាំងមូលបានជ្រាប និងយកទៅអនុវត្តប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ៕
ថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 16, 2023