ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីនិតីវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការតាមដានត្រួតពិនិត្យ និងសំណូមពរនិងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ជា ស៉ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង
វត្តមានអញ្ជើញចូលរួមមានលោកស្រីប្រធាន គ.ក.ស.ក នាយករងរដ្ឋបាល លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ ក្រុមការងារគ្រូឧទ្ទេស និងសិក្ខាកាមទាំង៤ឃុំ នៃរដ្ឋបាលស្រុកកោះកុង។
ជាមួយគ្នានោះ លោកស្រី អភិបាលរង បានផ្តាផ្ញើដល់សិក្ខាកាម សូមយកចិត្តទុកដាក់តាមដានក្រេបជញ្ជក់ចំណេះដឹង ដោយសារពេលនេះ មានវត្តមានរបស់ ក្រុមការងារគាំទ្របច្ចេកទេសក្រុង ស្រុក និងសូមជួយខិតខំអនុវត្ត សហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្ម ពីប្រជាជន នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបាន បទពិសោធន៍ កន្លងមក ប្រជាជនខ្លះគាត់មិនចាប់ អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញ គេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ពេលនោះចាប់ផ្តើមប្រតិកម្ម។
សូមឱ្យលទ្ធផល ដែលទទួលបានពីការប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យ មានភាពច្បាស់លាស់ និងពិតប្រាកដសម្រាប់ ការអន្តរគមន៍ និងជាយន្តការពិតប្រាកដ សម្រាប់អ្នកប្រើប្រាស់ទិន្នន័យ និងរាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ។