រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះជួយសង្គ្រោះស្រ្តីសម្រាលកូននៅលើទូក(អូប័រ)

នៅព្រលឹមថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើអូប័រម្នាក់ ឈ្មោះ ឆន សាឡឹង ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបណ្តោះអាសន្ននៅ ភូមិចាំយាម(ចំណុចកោះលយក្រោម ក្បែរមាត់ព្រែក) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (អាសយដ្ឋានអចិន្ត្រៃយ៍នៅខេត្តកំពត) នេះជាការសម្រាលកូនទី២ ភេទប្រុស ទំងន់៣គ.ក្រ ។ គាត់បានបញ្ជាក់ផងដែរថានៅចំណុចដែលគាត់កំពុងរស់នៅនេះជាតំបន់ភ្នំដាច់ស្រយាល និងក្បែរដៃព្រែក បើធ្វើដំណើរតាមផ្លូវទឹកមកមន្ទីរពេទ្យ លឿនជាងធ្វើដំណើរតាមផ្លូវគោក។
ហេតុការណ៍នេះបានកើតឡើង ក្នុងកំឡុងពេលស្ត្រីនោះឈឺពោះត្រៀមសម្រាលនិងកំពុងធ្វើដំណើរតាមផ្លូវទឹកតាមរយៈអូរប័រ នៅតាមដៃព្រែកកោះប៉ោ តែមិនទាន់បានមកដល់គោលដៅផងក៏សម្រាលនៅលើអូប័រតែម្តង តែគាត់និងក្រុមគ្រួសារបានបន្តដំណើរមកដល់ច្រាំង នៅវេលាម៉ោងប្រហែល៥ៈ២០នាទីព្រឹក ទើបប្រជាពលរដ្ឋទាក់ទងមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយើងក៏បានស្រូតទៅជួយសង្គ្រោះភ្លាមៗ និងបន្តដឹកគាត់តាមរយៈរថយន្តសង្គ្រោះ មកមន្ទីរពេទ្យបន្តការថែទាំ ព្យាបាលជូនគាត់ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន ។
សូមបងប្អូនស្រ្តីដែលដឹង ឬសង្ស័យថាខ្លួនមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព ឬមូលដ្ឋានសុខាភិបាលដែលនៅជិតជាងគេ ដើម្បីពិនិត្យ តាមដានផ្ទៃពោះ តាមដានការវិវឌ្ឍន៍របស់ទារក ទទួលបានថ្ន្នាំគ្រាប់ជាតិដែកពង្រឹងសុខភាពម្តាយ និងទារក និងទទួលបានការណែនាំពីមន្ត្រីឆ្មប ពីការថែទាំសុខភាពពេលមានផ្ទៃពោះ និងក្រោយសម្រាល និងដឹងពីសញ្ញាត្រៀមសម្រាល …។ល។
ខេត្តកោះកុងជាខេត្តមួយដែលមានទីតាំងភូមិសាស្ត្រស្មុគ្រស្មាញ ភូមិមួយចំនួនជាតំបន់កោះ ព្រៃភ្នំ ដងព្រែក ស្ទឹងខ្វាត់ខ្វែង និងនៅឆ្ងាយពីមូលដ្ឋានសុខាភិបាល ដូច្នេះការរៀបចំផែនការត្រៀមសម្រាល និងការជ្រើសរើសទីតាំងសម្រាលជាមុនជារឿងសំខាន់មួយ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពេលឈឺពោះសម្រាល។

ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង