ស្រុកកោះកុង, ថ្ងៃអង្គារ ១២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្ដិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីអនុម័តលើរបៀបវារៈសំខាន់មួយចំនួន ព្រមទាំងបូកសរុបលទ្ធផលប្រចាំ និងដោះស្រាយបញ្ហាប្រឈមក្នុងឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣បន្ត។សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក លោកប្រធានស្ដីទីមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំ ជំទប់ទី២ឃុំទាំង៤ នៃស្រុកកោះកុង សរុបចំនួន៣៤នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។