ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីភាពពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
វត្តមានអញ្ជើញចូលរួមមានសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលស្រុកកោះកុង អធិការនគរបាលស្រុក មេបញ្ជាការសឹករង មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេឃុំត្រពាំងរូង លោកនាយក លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង សាលាបឋមសិក្សារុងផ្លាមកេសន និងបឋមសិក្សាវត្តត្រពាំងរូង មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រហែល ៥០០នាក់។
ជាមួយគ្នានោះ លោកអភិបាល បានជម្រុញដល់មាតាបិតា និងអាណាព្យាបាលសិស្ស ជួយជម្រុញ និងលើកទឹកចិត្តដល់កូនៗ ឲ្យខិតខំប្រឹងប្រែង មករៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ព្រោះចំណេះវិជ្ជា ជាទ្រព្យសម្បត្តិមួយដែលជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ និងសំណូមពរមាតាបិតា អាណាព្យាបាលសិស្ស កុំឲ្យកូនៗឈប់ច្រើនពេក ព្រោះធ្វើឲ្យការរៀនសូត្ររបស់កូនៗ មានការយឺតយ៉ាវ រៀនមិនទាន់អ្នកដទៃ អាចជាកត្តាឲ្យកូនៗ មានការខ្មាស់អៀនមិត្តភ័ក្តិ អាចឈានដល់ការបោះបង់ការរៀនសូត្រ។
ជាទីបញ្ចប់ លោកអភិបាល បានជូនពរដល់ភ្ញៀវកិត្តិយស មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ និងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខ និងពលៈ។