រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ និងសម្ភារជួសជុលផ្ទះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ និងសម្ភារជួសជុលផ្ទះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាស្រុកមណ្ឌលសីមា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិកគណៈកម្មាធិការសាខា លោក សុខ ភិរម្យ តំណាងអនុសាខាស្រុកមណ្ឌលសីមា បាននាំយគ្រឿងឧបភោគបរិភោគនិងសម្ភារជួសជុលផ្ទះ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣២គ្រួសារ នៅចំណុច៣០៣ ដែលគ្រោះមហន្តរាយធម្មជាតិនេះបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ ៦៨៣សន្លឹក និងស័ង្កសី ១៥០សន្លឹក ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជនពិការ ចាស់ជរាងាយរងគ្រោះនិងគ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះលោកជំទាវប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ខិតខំបង្ករបង្កើនផល និងនេសាទ ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ ។

សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១ឡូ ទឹកសុទ្ធ ១កេស អាវយឺត២ ព្រមទាំងហ្វីប្រូស៊ីម៉ង់ ៦៨៣សន្លឹក និងស័ង្កសី ១៥០សន្លឹក សាខាបានឆ្លើយតបទៅតាមទំហំខូចខាតរបស់បងប្អូន ដែលជាជនរងគ្រោះ។ សាខាក៏បានផ្តល់បន្ថែមជូនគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១៣គ្រួសារ តង់ម្នាក់ ១ផងដែរ ។

អត្ថបទទាក់ទង