រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះប្រមូលទិន្នន័យអំពីការវាយតម្លៃតម្រូវការកម្មវិធីបណ្តុះបណ្តាល នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង, លោក ប្រាងហង្ស សេរីរិទ្ធ នាយករងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង លោកស្រី ប្រសើរ ម៉ូលីកា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងមតិក្នុងកម្មវិធីចុះប្រមូលទិន្នន័យអំពីការវាយតម្លៃតម្រូវការកម្មវិធីបណ្តុះបណ្តាល ដោយមានការទទួលស្វាគមន៍ពី តំណាង លោក លោកស្រីប្រធានការិយាល័យជំនាញទាំង៩។ ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញនៃវិទ្យាស្ថាន ព្រមទាំង លោក លោកស្រីមន្ត្រីពាក់ព័ន្ធតាមការិយាល័យជំនាញទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

ថ្លែងក្នុងកម្មវិធីខាងលើ លោកនាយករង បានបង្ហាញអំពី ចំណាប់អារម្មណ៍ ព្រមទាំងលើកឡើងអំពីសាវតានៃការកកើតរបស់វិទ្យាស្ថាន ចក្ខុវិស័យ និងជំនាញសិក្សាទាំង០៦ នៅក្នុងវិទ្យាស្ថានផងដែរ។

បន្ថែមពីនេះទៀត លោកនាយករង បានថ្លែងអំណរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានសហការក្នុងការចូលរួមបំពេញកម្រងសំណួរវាយតម្លៃតម្រូវការកម្មវិធីបណ្តុះបណ្តាលទៅតាមវិស័យ និងជំនាញចាំបាច់។

ថ្លែងក្នុងកម្មវិធី លោកស្រី ប្រសើរ ម៉ូលីកា បានបង្ហាញអំពីគោលបំណងរបស់កម្មវិធីក្នុងការចុះប្រមូលទិន្នន័យ និងការវាយតម្លៃតម្រូវការកម្មវិធីបណ្តុះបណ្តាល ដោយបានពន្យល់បន្ថែមលម្អិតអំពីការសម្ភាសន៍ផ្ទាល់ជាមួយនឹងប្រធានការិយាល័យជំនាញៗទាំងអស់ លើកម្រងសំណួរពាក់ព័ន្ធអំពីការបណ្តុះបណ្តាល។

សូមបញ្ជាក់ផងដែរថា ការចុះប្រមូលទិន្នន័យអំពីការវាយតម្លៃតម្រូវការកម្មវិធីបណ្តុះបណ្តាល នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក្រុមការងារវិទ្យាស្ថានបានរៀបចំការសម្ភាសន៍ផ្ទាល់ទៅតាមការិយាល័យជំនាញទាំងអស់ចំណុះឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដើម្បីទទួលបាននូវធាតុចូល និងលទ្ធផលសំខាន់ៗ យកមកវិភាគជាទិន្នន័យក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបន្តទៀតក្នុងពេលឆាប់ៗនេះ។

អត្ថបទទាក់ទង