រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន"

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តកោះកុង និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែង ដោយបានសហការ ជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលា ស្តីពី ការិយាល័យ ព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលមានសមាសភាព សិក្ខាកាម ចូលរួមអញ្ជើញមកពីខេត្ត ចំនួន ៣ រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប យើងខ្ញុំដ៏មានអត្ថន័យ និងសារសំខាន់នាពេលនេះ។ ខ្ញុំយកឱកាសសម្ដែងនូវកិច្ចស្វាគមន៍ និង អំណរគុណយ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ដែលបានជ្រើសរើសយកខេត្តកោះកុងយើងខ្ញុំ ដើម្បីជាទីតាំង ក្នុងការរៀបចំសិក្ខាសាលានេះឡើង សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឆ្លៀត ឱកាសដ៏មានតម្លៃ អញ្ជើញចូលរួម ក្នុងអង្គសិក្ខាសាលា រយៈពេល ២ថ្ងៃ ដែល ដឹកនាំរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាបន្តបន្ទាប់ទៅនេះ។
ដូចអង្គពិធីបានជ្រាបស្រាប់ថា ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព ការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យស្ថានភាពជីវភាពរស់នៅ ការប្រកបមុខរបរ និងការបំពេញការងារ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម មានការវិវត្តន៍រីកចម្រើនឡើង ជា លំដាប់ ទូទាំងប្រទេស ជាពិសេស រាល់សមិទ្ធផលជាច្រើន ដែលជាមរតក ប្រវត្តិសាស្ត្រ ក្រោម នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះវិស័យព័ត៌មាន គឺជាកម្មវត្ថុដ៏មានសារសំខាន់ ដែលមិនអាចខ្វះបាន ស្ថិតក្នុង បរិបទ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ ៤.០ និងយុគសម័យបច្ចេកវិទ្យាឌីជីថល ដ៏សម្បូរបែប ទាំង ក្នុងបច្ចុប្បន្ន និងតទៅអនាគត ដូចមានក្នុងប្រសាសន៍ របស់ ឯកឧត្តមរដ្ឋមន្តីប្រតិភូ និងជាប្រធាន អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានគូសបញ្ជាក់រួចហើយ តួនាទី និងការទទួលខុសត្រូវ របស់ អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន គឺជាមុខងារចាំបាច់ និងត្រូវពង្រឹងពង្រីកសមត្ថភាព ឲ្យបានទាន់ សភាពការណ៍ ការវិវត្តន៍រីកចម្រើន នៃបច្ចេកវិទ្យារួម នឹងការអភិបាលកិច្ចរំហូរព័ត៌មានឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងដឹកនាំការអភិវឌ្ឍ និងកសាងសង្គមជាតិមាតុភូមិយើង រក្សាបាន សុខសន្តិភាព និងកាន់រីកចម្រើនឡើងថែមទៀត។
សម្រាប់រយៈពេល២ថ្ងៃ នៃកម្មវិធីសិក្ខាសាលានេះ សិក្ខាកាមយើង នឹងបានសិក្សារៀនសូត្រ ដកស្រង់ និងចែករំលែកបទពិសោធន៍ ពិសេសមេរៀនសំខាន់ៗ ដែលនឹងធ្វើបទ ឧទ្ទេសនាមដោយ វាគ្មិន ជាថ្នាក់ដឹកនាំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យ នៃក្រសួងព័ត៌មាន និងក្រសួង បរិស្ថាន។
-ឯកឧត្តមគណៈអធិបតី ជាទីគោរព!
-ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសិក្ខាសាលាទាំងមូល ជាទីមេត្រី!
ក្នុងឱកាស នៃពិធីបើកសិក្ខាសាលា ដ៏មានសារៈសំខាន់ នាពេលព្រឹកនេះ ខ្ញុំសូមចូលរួម នូវ ទស្សនទាន ជាគន្លឹះមួយចំនួន សម្រាប់សិក្ខាមជាមន្ត្រីព័ត៌មានទាំងអស់ រួមមាន៖
ទី១- ការអនុវត្តនូវគោលការណ៍ ដូចដែលបានបញ្ញត្តិ ក្នុងប្រកាសអន្តរក្រសួងលេខ ៣៥២៧ ប្រក-៤៤៣ ពមប្រក រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានដែលនៅជាធរមាន។ ជាពិសេសគឺតួនាទី ភារកិច្ច និងការ ទទួលខុសត្រូវរបស់មន្ត្រីព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី២- រៀបចំឲ្យបានច្បាស់លាស់ និងធានាថាដំណើរការបានចំពោះយន្តការនៃរំហូ ព័ត៌មាន និង ប្រព័ន្ធទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងអង្គភាព និងជួយដល់ការងារ ផ្តល់សេវាសាធារណៈ ក្នុងមូលដ្ឋាន។
ទី៣- ពង្រឹងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយចេញ ដើម្បីឈានទៅកាត់ បន្ថយឲ្យបាន ដល់កម្រិតអប្បបរមា ចំពោះព័ត៌មានប្រឌិត ដែលមានចេតនាបង្កើត ការភាន់ច្រឡំ បំផុសការ សង្ស័យ និងបង្កើត ឬពង្រីកការមិនទុកចិត្ត បំផ្លាញប្រសិទ្ធភាពការងាររដ្ឋ ដោយត្រូវធ្វើការទប់ស្កាត់ និងឆ្លើយតបវិញប្រកបដោយ ប្រសិទ្ធភាព។

ទី៤- ពង្រឹងសមត្ថភាពមន្ត្រី ទទួលបន្ទុកព័ត៌មាន តាមរយៈការផ្តល់ឱកាស ក្នុងការសិក្សាពង្រីក ចំណេះដឹងបន្ថែមឲ្យបានច្រើន លើកទឹកចិត្ត គាំទ្រនូវឧបការណ៍សម្ភារៈ បច្ចេកទេស និង មធ្យោបាយសមស្រប ដើម្បីធានានិរន្តរភាពប្រតិបត្តិការការងារជាប្រចាំ។
ទី៥- ខិតខំពង្រឹងសន្តិសុខព័ត៌មាន ដែលរដ្ឋបាលថ្នាក់នីមួយៗ ឬ/និងមន្ទីរអង្គភាព ជំនាញ បាន រៀបចំ និងផ្សព្វផ្សាយចំគោលដៅ ទទួលបានការគាំទ្រពីសាធារណជន និងអាចជាការឆ្លុះបញ្ចាំង រៀនសូត្រ ពីសាធារណៈមតិមកវិញ។ ចំណុចទាំងនេះ គឺផ្តើមចេញពីការប្រតិបត្តិនូវយន្តការមួយ ជាក់លាក់ ដែលសិក្ខាកាម នឹងបានរៀនសិក្សាស្វែងយល់ពី ក្នុងកិច្ចដំណើរការ នៃអង្គសិក្ខាសាលា នេះ។
ខ្ញុំសូមស្នើ ដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ចូលរួមប្រកបដោយការទទួលខុសត្រូវ ខ្ពស់ និងទទួលយកនូវចំណេះដឹង សមត្ថភាពជំនាញ អនុវត្តជាក់ស្ដែង រួមជាមួយ នឹង បទពិសោធន៍ល្អ ដែលវាគ្មិនទាំងអស់ ពិសេសគឺ ឯកឧត្តមប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងធ្វើការណែនាំ បង្ហាត់ បង្រៀន និងចែករំលែកជូន។
ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសនេះ ដើម្បីគោរពថ្លែងអំណរគុណ ជាអនេកប្បការ ចំពោះ ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុង ការបណ្តុះបណ្តាល កសាងសមត្ថភាព ដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិជា បន្តបន្ទាប់ ក្នុងរយៈពេលកន្លងមក ធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវធនធានដ៏សំខាន់ លើវិស័យ ការងារជំនាញ ជាមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរបស់ស្ថាប័ន អង្គភាពសាធារណៈ ក្នុង កម្រិតសមស្របមួយ។ ខ្ញុំមានក្តីសង្ឃឹម ជឿជាក់ថា ឯកឧត្តមប្រធាន នឹងបន្តគាំទ្រ និងកសាងនូវ ធនធានមនុស្សលើវិស័យនេះ ឲ្យបានកាន់តែច្រើនឡើងថែមទៀត៕
ថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ March 21, 2022

អត្ថបទទាក់ទង