រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអគារសង្គ្រោះបន្ទាន់ អគារបោកគក់ និងសម្លាប់មេរោគ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអគារសង្គ្រោះបន្ទាន់ អគារបោកគក់ និងសម្លាប់មេរោគ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ជាការពិតណាស់ កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានចាប់ផ្ដើមមានឡើងជាយូរមកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ និងកាលពីឆ្នាំ១៩៩៤ ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សុរិនថន ព្រះរាជបុត្រីព្រះមហាក្សត្រ និងជាព្រះប្រធានកាកបាទក្រហមថៃ បានយាងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីសម្ពោដាក់ឱ្យប្រើប្រាស់នូវអគារវះកាត់ និងបំពាក់ឧបករណ៍ សម្ភារបរិក្ខារពេទ្យ នៅក្នុងអគាររបស់មន្ទីរពេទ្យ ដែលជាជំនួយរបស់កាកបាទក្រហមថៃ តាមរយៈមន្ទីរសុខាភិបាល ខេត្តត្រាត ដែលត្រូវបានធ្វើការជួសជុលរួចរាល់ឡើងវិញ បន្ទាប់ពីទទួលរងនូវការខូចខាត នៅក្នុង កំឡុងសម័យសង្គ្រាម ឆ្នាំ១៩៧៩។ ចាប់ពីពេលនោះមក សកម្មភាព និងការជួយគាំទ្រជាច្រើនក្នុងវិស័យសុខាភិបាល បានកើតមានឡើងជាបន្តបន្ទាប់ និងនៅប៉ុន្មានឆ្នាំក្រោយនេះ ទាំងមុនពេល និងកំឡុងពេលនៃការឆ្លង រីករាលដាលជាសាកល នៃវិបត្តិជំងឺកូវីដ-១៩ យើងឃើញថា មាននូវសមិទ្ធផលជាច្រើនដែល ភាគីថៃ (មន្ទីរសុខាភិបាលខេត្តត្រាត) បានរួមសហការផ្ដល់ឱ្យភាគីកម្ពុជា (មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង) ក្រោមជំនួយថវិកា ពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (TICA) ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីពង្រឹង-ពង្រីក និងអភិវឌ្ឍន៍វិស័យសុខា ភិបាល រវាងខេត្តជាប់ព្រំដែន (កោះកុង-ត្រាត) ឱ្យបានកាន់តែល្អប្រសើរឡើង ដែលជំនួយ នៃកិច្ចសហប្រតិបត្តិការទាំងនោះ រួមមាន :
-នៅឆ្នាំ២០១០ បានជួយដល់មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាទ រួមមាន ការជួសជុលអគារចាស់ ចំនួន០១ខ្នង សាងសង់ផ្លូវដើរ ប្រវែង១៥ម៉ែត្រ ភ្ជាប់ពីអគារចាស់ ទៅអគារថ្មី សង់រោងចតរថយន្ត ទំហំ៧ម៉ែត្រ គុណ ៨ម៉ែត្រ សង់ផ្លូវបេតុងប្រវែង ១៦៩.៥ម៉ែត្រ ចូលទៅមណ្ឌលសុខភាព សង់អាងស្តុកទឹក និងប្រព័ន្ធបូមទឹក ផ្តល់ម៉ាស៊ីនភ្លើង ចំនួន០២ គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ចំនួន០១គ្រឿង។
-នៅឆ្នាំ២០១៥ បានផ្តល់កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿង ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកោះកុង។
-នៅឆ្នាំ២០១៧ បានធ្វើលំហាត់សមយុទ្ធរួមគ្នា ស្តីពីការជួយសង្គ្រោះជនរងគ្រោះ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ទ្រង់ទ្រាយធំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសេខេត្តកោះកុង។
-នៅឆ្នាំ២០១៩ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ជូនមន្ទីរពេទ្យខេត្តកោះកុង។
-បានបង្កើតវគ្គបណ្តុះបណ្តាលរួមគ្នា និងផ្ដល់ជាសម្ភារផ្សេងៗទៀត ជូនដល់មន្ត្រី-បុគ្គលិកសុខាភិបាល ដើម្បីយកទៅពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម។
ជាក់ស្ដែងណាស់ នៅថ្ងៃនេះ យើងបានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺអគារសង្គ្រោះបន្ទាន់ដែលទើបនឹងសាងសង់រួចរាល់ ជាមួយនឹងអគារបោកគក់ និងសម្លាប់មេរោគ ក៏ទើបតែបានជួសជុល និងបំពាក់ឧបករណ៍ សម្ភារៈ រួចចប់សព្វគ្រប់ ដែលយើងទាំងអស់គ្នានៅទីនេះ កំពុងប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាពេលនេះ។ សមិទ្ធិផលថ្មីបន្ថែមទាំងនេះ ជាសក្ខីភាពបង្ហាញអោយឃើញពីចំណងទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ និងក្នុងនាមជាមន្ទីរពេទ្យដៃគូ (Sister Hospitals) រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (កោះកុង-ត្រាត)៕
ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ March 1, 2022

អត្ថបទទាក់ទង