ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គាលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន”។
សិក្ខាកាមសរុបចំនួន ៤២រូប មកពីមន្ទីរកិច្ចការនារីខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត សៀមរាប និងរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
១/ពង្រឹងសមត្ថភាពមន្រ្តីកិច្ចការនារីខេត្ត ដើម្បីផ្សព្វផ្សាយបន្តនៅតាមភូមិគោលដៅឱ្យមានចំណេះដឹងពី
- ផលប៉ះពាល់ នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
- តួនាទីរបស់ស្រ្តីចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
២/ពង្រឹងសមត្ថភាពផ្នែកច្បាប់ ស្តីពីគ្រឿងញៀនទៅដល់មន្រ្តីកិច្ចការនារីខេត្តពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ពន្យល់ពី ៣កុំ ១រាយការណ៍ - កុំទី១. កុំជួញដូរគ្រឿងញៀន កុំចែកចាយ កុំធ្វើខ្នង បង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
- កុំទី២. កុំអន្តរាគមន៍ (បើអ្នករកស៊ីគ្រឿងញៀនជាបងប្អូន សាច់ញាត្តិ មត្តិភក្តិ មិនត្រូវអន្តរាគមន៍ទេ គឺត្រូវទុកសមត្ថកិច្ច ចាត់ការតាមច្បាប់ជាធរមា។)
- កុំទី៣.កុំប៉ះពាល់ មានន័យថាទាំងសមត្ថកិច្ចក្តី តុលាការក្តី មិនត្រូវបន្ធូរបន្ថយ ឬលើកលែងនោះទេ។
- ១រាយការណ៍ គឺត្រូវរាយការណ៍ទៅសមត្ថកិច្ចអំពីកន្លែង លាក់ទុកគ្រឿងញៀន កន្លែងកែច្នៃផលិតគ្រឿងញៀន។ល។
ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គ្រឿងញៀន ក៏ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហិង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ដូច្នេះផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងបានដាក់បញ្ចូលផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ ២០១៤-២០១៨ ហើយនឹងបន្តផ្តល់អាទិភាពការងារនេះនៅក្នុងផែនការនារីរតនៈទី៥ ២០១៩-២០២៣ ដោយបានបង្កើតក្រុមការងារទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងជម្រុញការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យកាន់តែសកម្ម និងទទួលបាននូវប្រសិទ្ធភាពខ្ពស់៕
មន្ទីរកិច្ចការនារីខេត្តកោះកុង បានសហការ ជាមួយ នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ដល់មន្រ្តីមកពីមន្ទីរកិច្ចការនារីខេត្តចំនួន ៨ ឧបត្ថម្ភដោយថវិការបស់រាជរដ្ឋាភិបាល នៅសាលកាកបាទក្រហមកម្ពុជាខេត្តកោះកុង។