រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពី “កាត្រៀមបម្រុងផ្នែកភស្តុភារសម្រាប់ការងារមនុស្សធម៌ថ្នាក់ខេត្ត”

លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កាត្រៀមបម្រុងផ្នែកភស្តុភារសម្រាប់ការងារមនុស្សធម៌ថ្នាក់ខេត្ត”

លោក នាយករងរដ្ឋបាល បានមានប្រសាសន៍ថា ថ្ងៃនេះ តាងនាម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង និងលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយ និងកិត្ដិយសក្រៃលែង ដែលបានចូលរួមជាមួយ អស់លោក លោកស្រី ក្នុងអង្គសិក្ខាសាលានាពេលនេះ។

ជាដំបូង ខ្ញុំសូមសំដែងការកោតសរសើរ និងសូមអរគុណចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក សហប្រជាជាតិ ដែលបានរៀបចំសិក្ខាសាលាស្តីពី “កាត្រៀមបម្រុងផ្នែកភស្តុភារសម្រាប់ការងារមនុស្សធម៌ថ្នាក់ខេត្ត” នេះឡើង និងសូមស្វាគមន៍យ៉ាងកកក្តៅចំពោះ លោក លោកស្រី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក លោកស្រី តំណាងកម្មវិធីស្បៀងអាហារពិភពលោក សហប្រជាជាតិ និងលោក លោកស្រី តំណាង លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និងខេត្តស្វាយរៀង ដែលបានអញ្ជើញមករៀបចំ និងចូលរួមសិក្ខាសាលាក្នុងទឹកដីខេត្តកោះកុង។

យើងទាំងអស់គ្នាជ្រាបហើយថា ជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មី (ដែលតា) បានធ្វើឱ្យមានការលំបាកក្នុងការធ្វើសកម្មភាពនានា ដូចជាវគ្គសិក្ខាសាលាជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងខិតខំរិះរកវិធីសាស្រ្តដើម្បីកាត់បន្ថយឥទ្ធិពលនៃការឆ្លងជាយថាហេតុ តម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ព្រោះថាវិបត្តិនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូម ជម្រាបអង្គសិក្ខាសាលាបានជ្រាបថា ខេត្តកោះកុង ជាខេត្ដមួយក្នុងចំណោមខេត្ដនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានទទួលរងគ្រោះមហន្ដរាយធម្មជាតិជាញឹកញាប់ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ដ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ កន្លងមកខេត្តធ្លាប់បានទទួលរងនូវគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់ ការកើនឡើងទឹកសមុទ្រ និងរលកធំៗបោកបក់មកលើឆ្នេរ និងតំបន់មាត់សមុទ្រ ដែលបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងជីវិតសត្វ អស់ជាច្រើន។
ក្នុងចំណោមគ្រោះមហន្តរាយដូចបានរៀបរាប់ខាងលើ គ្រោះមហន្តរាយទឹកជំនន់ដែលធ្លាប់មានប្រវត្តិកើតឡើងខ្លាំងកាលពីឆ្នាំ២០១៨ បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រហែល ៤០០គ្រួសារ និងឆ្នាំ២០១៩ ប៉ះពាល់ដល់លំនៅដ្ឋាន ផលដំណាំ និងខូចខាតផ្លូវជនបទចំនួន ៩០ខ្សែ ស្មើនឹង ៣១៣.០១២ម (បីរយដប់បីពាន់ដប់ពីរម៉ែត្រ) ។ល។

ជាការពិតណាស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនឣាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯង ឣាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធិភាពបាននោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ។ អ្វីដែលសំខាន់ជានេះទៅទៀតនោះគឺ ខ្សែសង្វាក់ផ្គត់ផ្គង់ជំនួយ និងការត្រៀមលក្ខណៈផ្នែកភស្តុភារដើម្បីទប់ទល់ទៅនឹងឧប្បត្តិហេតុគ្រោះមហន្តរាយ ជាកត្តាដែលមិនអាចខ្វះបាន។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ និងអរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស និងសម្ភារ សម្រាប់ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។ ជាពិសេសតាមរយៈការដឹកនាំ ដ៏ឆ្លាតវៃរបស់ឯកឧត្តម តែងទទួលបានការគាំទ្រពីដៃគូរអភិវឌ្ឍ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដួចផ្ដើមរៀបចំសិក្ខាសាលនេះឡើង ស្ថិតក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការត្រៀមរៀបចំ សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធភាព នៅក្នុងរដូវកាលគ្រោះទឹកជំនន់នេះ។

ជាថ្មីម្តងទៀត ខ្ញុំពិតជាមានមោទនភាព និងរីករាយក្រៃលែង ដែលខេត្តកោះកុង ត្រូវបានជ្រើសរើសសម្រាប់ជាទីតាំងរៀបចំវគ្គសិក្ខាសាលា ភស្តុភាមនុស្សធម៌នេះ។
គោលបំណងធំៗចំនួនបី ដែលបានរំពឹងថានឹងទទួលបានក្រោយបញ្ចប់សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ គឺ៖
១.បង្កើនការយល់ដឹងអំពីចំណេះដឹងមូលដ្ឋាន ស្តីពីភស្តុភារ ការរៀបចំភស្តុភារមនុស្សធម៌
២.យល់ដឹងអំពីទំនាក់ទំនងផ្នែកភស្តុភាចំពោះប្រតិបត្តិការ និងការៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ខេត្ត
៣.ទទួលបានពង្រាងផែនការសកម្មភាពត្រៀមភស្តុភារមនុស្សធម៌ និងបង្កើតបណ្តាញត្រៀមរៀបចំភស្តុភារមនុស្សធម៌ថ្នាក់ខេត្ត។

អត្ថបទទាក់ទង